ខេត្តសៀមរាប៖ សាលាដំបូង និងអយ្យការអមសាលាដំបូង និងលេខាធិការដ្ឋានរដ្ឋបាល ខេត្តសៀមរាប បានចេញសេចក្តីណែនាំថា៖ ដើម្បីចូលរួមធានាភាពម្ចាស់ការក្នុងការគ្រប់គ្រង ទប់ស្កាត់ និងការពារ កុំឲ្យជំងឺកូវីដ -១៩ មានការ រីករាលដាលក្នុងសហគមន៍បន្ថែមទៀតក្រោយព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នេះ សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តសៀមរាប សូមធ្វើការណែនាំដល់លោក លោកស្រីចៅក្រម លោក លោកស្រី ព្រះរាជអាជ្ញារង លោក លោកស្រីក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាដំបូង និងអយ្យការអមកសាលាដំបូងសៀមរាប ដូចតទៅ ៖
ទី ១- ចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីដែលមានការពាក់ព័ន្ធទោះដោយផ្ទាល់ ឬដោយប្រយោល សូមធ្វើចត្តាឡីស័កនៅផ្ទះ និងធ្វើការងារពីចម្ងាយដោយពុំចាំបាច់មកកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ក្នុងរយៈពេលនៃការធ្វើចត្តាឡីស័កនេះ។
ទី២- ដើម្បីធានានិរន្តភាពការងារ ចំពោះចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីដែលមិន មានការពាក់ព័ន្ធ សូមមកបំពេញការងារប្រចាំថ្ងៃជាធម្មតា ដោយប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាព ស្រប តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ពោល គឺត្រូវពាក់ម៉ាស់លាងដៃនឹងសាប៊ូ ឬអាល់កុលសម្លាប់មេរោគឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាព រួមទាំងវិធានអនាម័យ និងសុវត្ថិភាពលើគ្រប់ ឯកសារផងដែរ។
ទី៣- សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នឹងបន្តតាមដានជាប់ជាប្រចាំនូវ ការវិវត្តន៍នៃសភាពការណ៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដើម្បីដាក់ចេញនូវវិធានការចាំបាច់បន្ទាន់ ណាមួយនាពេលខាងមុខ។
អាស្រ័យហេតុនេះ សូម លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្ត្រីរាជការ និងបុគ្គលិកហាត់ការទាំងអស់នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ត្រូវសហការអនុវត្តឲ្យបានត្រឹមត្រូវតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ៖ សិលា