ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស់និងបរិក្ខារពេទ្យមួយចំនួនទៀតជាអំណោយរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដឹកតាមយន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជាយកទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្ត ហើយនៅព្រឹកនេះ

ចែករំលែក៖

     ភ្នំពេញ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នេះលោក អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកម៉ាស់ និងសម្ភារបរិក្ខារពេទ្យ ជាអំណោយរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនិងប្រជាជនទីម័រឡេស្តជាមិត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

   សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានបញ្ជាក់ថាក្នុងចំណោមម៉ាស់១លាន៥ម៉ឺននោះមានម៉ាស់ធម្មតាចំនួន១លាន និងម៉ាស់ក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ។ 

     ចំពោះសម្ភារដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រទេសទីម័រឡេស្តរួមមាន ម៉ាស់ធម្មតាចំនួន១លាន ម៉ាស់ក្រណាត់ ៥ម៉ឺន ម៉ាស់ N.95 ចំនួន១ម៉ឺន វែនតាសុវត្ថិភាពចំនួន១ម៉ឺន សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាលចំនួន ១ម៉ឺនឈុត ម៉ាស៊ីនវាស់កម្តៅចំនួន២៥០ របាំងមុខចំនួន១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូដែល Vista120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងកវែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ម៉ឺនដុំ។      

    អំណោយ​មនុស្សធម៌ដែលបានផ្តល់ជូននៅក្នុងឱកាស​នេះ ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីមនោសញ្ចេតនាជិតស្និទ្ធ និងសាមគ្គីភាពរបស់ប្រជាជនកម្ពុជាជាមួយប្រជាជនទីម័រឡេស្ត នៅក្នុងគ្រាដ៏លំបាកនៃវិបត្តិសុខភាពពិភពលោកដែលពុំធ្លាប់មានពីមុនមក។  នាពេលកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងប្រទេសទាំងនោះផងដែរ៕ ដោយ៖សំរិត


ចែករំលែក៖