រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិកលោកBill Barr បញ្ជាក់ថា មិនមានភស្តុតាងណាមួយបង្ហាញពីការបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០នោះទេ។
លោកBill Barr បន្តទៀតថា «មកទល់ពេលនេះយើងមិនទាន់រកឃើញមានការបន្លំទ្រង់ទ្រាយធំដែលអាចប៉ះពាល់ដល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនោះឡើយ»។
រដ្ខមន្ត្រី Bill Barr បានប្រកាសខាងលើគឺផ្ទុយពីប្រធានាធិបតីដូណាល់ ត្រាំដែលតែងតែចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតហើយព្យាយាមផ្លាស់ប្តូរលទ្ធផលបោះឆ្នោត មិនព្រមចុះចាញ់នោះឡើយ។
កាលពីខែវិច្ឆិការដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើចៅក្រមបណ្តារដ្ឋបើកការស្រាវជ្រាវពាក់ព័ន្ធនឹងការបន្លំសន្លឹកឆ្នោតឲ្យបានច្បាស់បំផុតបញ្ចៀសការចេញសេចក្តីប្រកាសខុសពីការណ៍ពិត ។
ការបោះឆ្នោតអាមេរិកកាលពីថ្ងៃទី៣ខែវិច្ឆិកា លោកបៃឌិន ទទួលបានកៅអីតំណាងដល់ទៅ៣០៦ ចំណែកលោកត្រាំទទួលបានតែ២៣២កៅអីតំណាង។ ចំណែកសន្លឹកឆ្នោតសកលវិញ គឺលោកបៃឌិនលើសលោកត្រាំដល់ទៅជាង ៦,២លានសន្លឹក។
ក្រោយការប្រកាសរបស់ក្រសួងយុត្តិធម៌ លោកត្រាំអស់ឱកាសក្នុងការកែប្រែលទ្ធផលបោះឆ្នោត ប្រធានាធិបតី។ ប៉ុន្តែមកទល់ពេលនេះ លោកត្រាំ នៅមិនព្រមចុះចាញ់នៅឡើយទេ ៕
ដោយ៖ធី រីណា