ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានអរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្ដល់អំណោយ ម៉ាស់ជាលើកទី២ចំនួន១លានម៉ាស់ សម្រាប់ចែកជូនពលរដ្ឋរស់នៅរាជធានី ភ្នំពេញ ដើម្បីការពារជំងឺកូវីដ-១៩ដែលឆ្លងចូលសហគមន៍២៨ វិច្ឆិកា

ចែករំលែក៖

      ភ្នំពេញ ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បានអំណរគុណសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយជាម៉ាស់លើកទី២ចំនួន១លានម៉ាស់សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ សម្តេចសម្រេចបញ្ចេញម៉ាស់ចំនួន២លានបន្ថែមទៀត ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

     លោក ឃួង ស្រេង ក្នុងនាមកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្ដល់អំណោយម៉ាស់ចំនួន១លានម៉ាស់ជូនដល់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ចែកបន្ដជូនប្រជាពលរដ្ឋក្រីក្រ ។ 

    លោក ឃួង ស្រេង បានបញ្ជាក់ថា កាយវិការនេះបានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមកលើប្រជាពលរដ្ឋ ខណៈដែលប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រឈមខ្លាំងជាមួយជំងឺកូវីដ-១៩ ពិសេសក្រោយកម្ពុជាផ្ទុះនូវការឆ្លងជំងឺនេះចូលសហគមន៍ជាលើកដំបូងដែលត្រូវបានហៅថាជាព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

     សូមបញ្ជាក់ថា៖  ការបញ្ចេញម៉ាស់ចំនួន២លាន (លើកទី២) សម្រាប់រាជធានីភ្នំពេញ១លានម៉ាស់ និងខេត្តសៀមរាប១លានម៉ាស់នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាស់ម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។

    គិតត្រឹមព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៩នាក់ (ស្រី៧៤នាក់ និងបុរស២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេសមានចំនួន៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៥នាក់៕ ដោយ៖សំរិត


ចែករំលែក៖