ខេត្តកោះកុង៖ នៅថ្ងៃពុធទី២ ខែធ្នូ ឆ្នាំ២០២០ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិក សមាជិកា បានអញ្ជើញនាំយកអំណោយ និងថវិកាមួយចំនួន សាកសួរសុខទុក្ខយុទ្ធជនកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យយោធាខេត្ត ក្នុងនោះអ្នកជម្ងឺមានចំនួន ០៦ នាក់ ក្នុងម្នាក់ៗទទួលបាននូវឃិដ ០១ កញ្ចប់ និងថវិកា ១០០,០០០ រៀល។
ជាមួយគ្នានេះលោកស្រីក៏បានឧបត្ថម្ភថវិកា ដល់គ្រូពេទ្យចំនួន ១២ នាក់ ក្នុងម្នាក់ៗទទួលបាន ១០០,០០០ រៀលផងដែរ។ បន្ទាប់ពីនេះលោកជំទាវ និងសមាជិក សមាជិកា បានបន្តដំណើរទៅសួរសុខទុក្ខដល់កុមារកំព្រា និងចាស់ជរាសរុបចំនួន ២៧ នាក់ នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋបាលខេត្ត។
ក្នុងឱកាសនេះលោកស្រីបានចែកជូននូវអំណោយ ថវិកា និងចំណីអាហារ ដល់ពួកគាត់ ក្នុងមនោសញ្ចេតនាជ្រាលជ្រៅ និងក្តីអាណិតអាសូរបំផុត។ ជាមួយគ្នានេះដែរលោកស្រីបានរំលឹកនូវប្រវត្តិសាស្ត្រដ៏ជូរចត់ នៃរបបប្រល័យពូជសាសន៍យង់ខ្នងក្នុងរយៈពេលបីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ដល់កុមារកំព្រាទាំងនេះបានដឹង និងចងចាំ ដោយសារតែមានថ្ងៃ០២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបដិសន្ធិឡើងនូវកម្លាំងចលនាតស៊ូរំដោះជាតិ របស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍ជាតិកម្ពុជា ទើបកម្ពុជាត្រូវបានរំដោះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនទូទាំងប្រទេស បានរស់រានមានជីវិត មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។ ហើយនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហើយមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិរីកចំរើនដូចសព្វថ្ងៃនេះ។
ជាមួយគ្នានេះដែរលោកស្រី បានជម្រុញឱ្យក្មួយៗខិតខំរៀនសូត្រ ជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ ដើម្បីជាធនធានក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចំរើននាថ្ងៃអនាគត។ ជាចុងក្រោយលោកស្រី ក៏ណែនាំកុមារទាំងអស់ ឱ្យថែរក្សាអនាម័យឱ្យបានខ្ពស់ ដើម្បីចៀសវាងនូវជម្ងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងតែរាតត្បាតទូទាំងសកលលោក និងនៅប្រទេសកម្ពុជាយើងផងដែរ៕
ដោយ៖ សិលា