ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ឈ្នះក្តីក្នុងតុលាការធម្មនុញ្ញបន្តដឹកនាំប្រទេស

ចែករំលែក៖

តុលាការរដ្ឋធម្មនុញ្ញថៃ បានបើកសវនាការនៅថ្ងៃទី២ខែធ្នូ​ ដោយបានច្រានចោលពាក្យបណ្តឹងថាលោកប្រាយុទ្ធ ចាន់អូចា​ បានបំពានរដ្ឋធម្មនុញ្ញក្នុងការកាន់អំណាចដឹកនាំប្រទេស។
សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា មិនបានបំពានច្បាប់រដ្ឋធម្មនុញ្ញ ក្នុងមាត្រាទី​១៤៨នោះឡើយ ក្រោយពេលដែលលោកបានប្រើប្រាស់ទីតាំងយោធា ដើម្បីដឹកនាំប្រទេស បើទោះបីលោកបានលាចេញពីយោធា​នៅឆ្នាំ​២០១៤ ដើម្បីមកដឹកនាំប្រទេសធ្វើជានាយករដ្ឋមន្ត្រីវិញក៏ដោយ។
សារព័ត៌មាន Bloomberg បានផ្សាយថា ជាមួយនឹងការសម្រេច របស់តុលាការធម្មនុញ្ញថា លោកប្រាយុទ្ធ គ្មានទោសនោះ លោកនឹងបន្តដឹកនាំរដ្ឋាភិបាលថៃដដែល​។
នៅពេលដែលឡើងកាន់តំណែងដឹកនាំប្រទេសក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់ កាលពីឆ្នាំ​២០១៤ លោកប្រាយុទ្ធនៅតែបន្តប្រើប្រាស់ទីតាំងយោធា​ ដើម្បីធ្វើការដោយសារតែលោកបារម្ភពីសន្តិសុខ ។
រលកបាតុកម្មបានអូសបន្លាយតាំងពីខែមេសាមកទល់ពេលនេះ ក្នុងគោលដៅទាមទារឲ្យនាយករដ្ឋមន្ត្រីប្រាយុទ្ធចុះចេញពីតំណែងនិងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាច់យូរបំផុតរបស់ថៃ មិនធ្លាប់មានក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមក៕

ដោយ៖ធី រីណា


ចែករំលែក៖