ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនពេកចាប់ហ្វ្រ័ងដួលបោកផ្ទប់នឹងឡំប្រឺតាកំពុងបើកឆ្លងផ្លូវរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ខណ:ដែលជិះម៉ូតូម៉ាកនិចក្នុងល្បឿនលឿនហើយចាប់ហ្រ្វ័ងដួលបោកផ្ទប់ទៅនឹងឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទល់មុខក្រសួងពាណិជ្ជកម្មក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបើកបរឡំប្រឺតាមួយគ្រឿងមិនចាំស្លាកលេខក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុអ្នកបើកឡំប្រឺតានោះក៏បានបត់មកខាងឆ្វេងដៃស្រាប់តែភ្លាមៗនោះមានម៉ូតូមួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FV-3177 បើកក្នុងល្បឿនយ៉ាងលឿនតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតឃើញឡំប្រឺតាមកដល់ក៏ចាប់ហ្រ្វ័ងខ្លាំងពេកបណ្ដាលឲ្យដួលបោកក្បាលផ្ទប់នឹងឡំប្រឺតាកំពុងឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។រីឯអ្នកបើកឡំប្រឺតាបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដោយពិនិត្យមើលស្ថានភាពមិនប៉ះពាល់របស់រដ្ឋទើបយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំឱ្យក្រុមគ្រួសារមកយកទៅជួសជុលដោយខ្លួនឯង៕

ដោយ៖ផេង ភាព


ចែករំលែក៖