ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ព្រមទាំងសហការី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងការធ្វេីតេស្តលេីកទី១ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហោះលើ Facebook ផ្លូវការថា៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺអវិជ្ជមានទាំងអស់។ ខ្ញុំ ក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ សូមបងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចពិជ័យសេនា ទៀ បាញ់ បន្តថា៖ ខ្ញុំសូមថ្លែងអំណរគុណ និងជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ញេីសារជូនពរខ្ញុំ ទទួលបានសុខភាពល្អបរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ៕
ដោយ៖ សុខ ខេមរា