ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកសុខាភិបាល​អាមេរិកមិនចង់ចាក់វ៉ាក់សាំង​កូវីដ​-១៩មុនគេឡើយ

ចែករំលែក៖

បុគ្គលិកសុខាភិបាលអាមេរិកជាច្រើនបានប្រកាសថាមិនទាន់ត្រៀមលក្ខណៈចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅឡើយទេ ដោយសារតែ​នៅមានមន្ទិលសង្ស័យទៅលើប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​ ដោយសារតែការធ្វើតេស្តមានរយៈពេលខ្លី។
គិលានុបដ្ឋាយិកាអាយុ​៥៥ឆ្នាំឈ្នោះ​Yolanda Dodsonបាននិយាយទៅកាន់សារព័ត៌មាន AFPថា​«ខ្ញុំគិតថា ខ្ញុំនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩នៅពេលក្រោយ តែពេលនេះមិនទាន់ចាក់នោះទេ»​។
ខែធ្នូនេះ ពលរដ្ឋអាមេរិកប្រមាណ​២០លាននាក់​នឹងទទួលបានការចាក់វ៉ាក់សាំង​ដោយឥតគិតថ្លៃ ​ប៉ុន្តែការស្ទង់មតិរបស់ Gallup បង្ហាញឲ្យឃើញថាមានពលរដ្ឋដល់ទៅជាង​៤០​ភាគរយប្រកាសថានឹងមិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ឡើយ។
ដោយសារតែមានពលរដ្ឋមិនព្រមចាក់វ៉ាក់សាំងច្រើន​ទើបលោក Robert Litan មន្ត្រីមកពីមជ្ឈមណ្ឌលBrookings បានលើកឡើងគម្រោងពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានទឹកប្រាក់​១ពាន់ដុល្លារជាការលើកទឹកចិត្ត។ ប៉ុន្តែគម្រោងនោះមិនដឹងថាក្លាយជាការណ៍ពិតដែរឬទេ។ ដើម្បីជួយផ្សព្វផ្សាយឲ្យពលរដ្ឋ​ចូលរួមចាក់វ៉ាក់សាំង អតីតប្រធានាធិបតីអាមេរិក​ Barack Obama, George W. Bush និង Bill Clinton បានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ហើយបានចាក់ដោយមានការថតរូបភាពវីដេអូ​ ក្នុងគោលដៅផ្សព្វផ្សាយ​ពីការទុកចិត្តដល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ថាមានប្រសិទ្ធភាពនិងសុវត្ថិភាព​។
បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter គិតត្រឹមម៉ោង​១៨និង​៣០នាទី(ម៉ោងនៅកម្ពុជា) ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៦៤,៩៥៣,៣២២នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៥០១,៦០២នាក់បានស្លាប់ និង ៤៥,០៤៣,៥៩៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញផងដែរ ៕ដោយ៖ធី រីណា


ចែករំលែក៖