ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួនជនត្រូវចោទម្នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្ដាល នគរបាល​ស្រុកស្អាង សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានធ្វើការចាប់ខ្លួនជនត្រូវចោទម្នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ប្រតិបត្តិការស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទនេះ ធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០២០ វេលាម៉ោង២៤និង៤០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ​ ហេង ហ៊ល ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៦៩៧ /២០ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ចុះហត្ថលេខាដោយលោក ហេង ផល្លាចៅក្រមស៊ើបសួរ​នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ដែលប្រព្រឹត្តកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា ក្រោយពីជនត្រូវចោទខាងលើនេះបានប្រព្រឹត្តករណីខាងលើរួច ជននេះបានព្យាយាមរត់គេចខ្លួនចេញពីមូលដ្ឋានដោយពុំដឹងទៅរស់នៅកន្លែងណានោះទេ។ លុះមកដល់ថ្ងៃទី៤ ខែធ្នូ​ ឆ្នាំ២០២០នេះ​ កម្លាំងនគរបាលស្រុកបានទទួលព័ត៌មានថា ជនត្រូវចោទកំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះ កម្លាំងស្រុកក៏ធ្វើការសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប្រទាល ចាប់ខ្លួនជនត្រូវចោទខាងលើយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ស្អាងជ័យ


ចែករំលែក៖