ព័ត៌មានទាន់ហេតុការណ៍៖

ទាហានថៃឃាត់ខ្លួនបុរសជនជាតិខ្មែរ២នាក់ដែលត្រៀមនាំយកម៉ូតូពីថៃចូលមកកម្ពុជា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ ទាហានថៃប្រចាំនៅស្រុកតាព្រះយ៉ា កងកម្លាំងបូផា បានដាក់កម្លាំងស្កាត់ចាប់បុរសជនជាតិខ្មែរ២នាក់ ដែលនាំម៉ូតូចេញពីប្រទេសថៃខុសច្បាប់កាលពីវេលាម៉ោង១១៖០០នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ។
កម្លាំងទាហានការពារព្រំដែនរបស់ថៃបានរឹតបន្តឹងការនាំទំនិញខុសច្បាប់និងការលួចចូលប្រទេសថៃដោយខុសច្បាប់ ជាពិសេសនៅតាមច្រករបៀងក្នុងអំឡុងបិទព្រំដែនដើម្បីទប់ទល់ជាមួយស្ថានការណ៍រាតត្បាតរបស់កូវីដ-១៩ តាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងខេត្តស្រះកែវជាបន្តបន្ទាប់ ។ទាហានថៃប្រចាំស្រុកតាព្រះយ៉ា កងកម្លាំងបូផា បានចេញល្បាតក្នុងទឹកដីទទួលខុសត្រូវ រួមជាមួយនគរបាលអន្តោប្រវេសន៍ខេត្តស្រះកែវ ដោយសហការគ្នាចុះប្រតិបត្តិការដើម្បីការពារការលួចនាំចូលទំនិញខុសច្បាប់ នៅក្នុងទឹកដីដែលទទួលខុសត្រូវ រហូតដល់ចាប់ខ្លួនបុរសជនជាតិខ្មែរ២នាក់ ខណៈដែលជនសង្ស័យកំពុងនាំម៉ូតូចេញពីប្រទេសថៃមកកម្ពុជា។
សូមជម្រាបថា សមត្ថកិច្ចដែលចាប់ខ្លួនជនសង្ស័យខាងលើ រួមមានទាហានស្រុកតាព្រះយ៉ា, កងកម្លាំងបូផា, ប៉ូលិសអន្តោប្រវេសន៍ខេត្តស្រះកែវ និងអាជ្ញាធរស្រុកគោកធ្យូង ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រភពព័ត៌មានថា នឹងមានការលួចនាំម៉ូតូចេញក្រៅព្រះរាជាណាចក្រថៃ ដោយមិនឆ្លងកាត់នីតិវិធីខាងគយក្នុងទឹកដីទទួលខុសត្រូវភូមិណងចាន់ ឃុំណូន ម៉ាកមុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ត្រង់បង្គោលគីឡូម៉ែត្រTA 520234 ទើបរួមគ្នារៀបចំផែនការចេញស្កាត់រហូតដល់វេលាម៉ោងប្រមាណ១១៖០០នាទី បានពិនិត្យឃើញបុរសជនជាតិខ្មែរ២នាក់បើកម៉ូតូមានលក្ខណៈត្រូវនឹងប្រភពរាយការណ៍ ទើបសមត្ថកិច្ចហៅឲ្យឈប់ និងសុំត្រួតពិនិត្យ ។យ៉ាងណាក៏ដោយ បន្ទាប់ពីការត្រួតពិនិត្យរបស់សមត្ថកិច្ច គឺរកឃើញកំហុសបុរសឈ្មោះ ផាត់ សៀងហាក់ ជនជាតិខ្មែរ អាយុ២៧ឆ្នាំ ជាអ្នកបើកម៉ូតូ ពាក់ស្លាកលេខ 1ก-9637 ไชนาท មានទីលំនៅភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ កិត សូរិយា អាយុ៣០ឆ្នាំ ជាអ្នកបើកម៉ូតូពាក់ស្លាកលេខ 6กฐ-566 ក្រុងថេប មានទីលំនៅភូមិអូរចារ ក្នុងក្រុង បាត់ដំបង ទើបសមត្ថកិច្ចត្រួតពិនិត្យម៉ូតូទាំង២គ្រឿងមិនមានឯកសារសំខាន់ប្រចាំម៉ូតូ និងប្រាប់ថាធ្វើដំណើរចូលមកប្រទេសថៃតាមច្រករបៀងដើម្បីនាំម៉ូតូ២គ្រឿងខាងលើឆ្លងទៅប្រទេសកម្ពុជា ដោយជនជាតិខ្មែរទាំង២នាក់ អះអាងថា បានខ្ចីម៉ូតូជនជាតិថៃដែលស្គាល់គ្នា ដើម្បីជិះត្រឡប់ទៅផ្ទះវិញ៕វណ្ណា


ចែករំលែក៖