ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ លោកស្រី យក់ សម្បត្តិ ៖ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro

ចែករំលែក៖

ភ្នំពេញ៖ មុននេះបន្តិចថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់នាយកសារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ៖ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩។
លោកស្រីបន្តថា៖ លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន។
លោកស្រីបានបន្ថែមថា ថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិកចំនួន៣នាក់ ឆ្លងកាត់កោះតៃវ៉ាន់ ចូលមកភ្នំពេញមានវិជ្ជមានកូវីដ១៩ផងដែរ។
សូមបញ្ជាក់ថា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញ។ បុគ្គលម្នាក់នោះត្រូវបានរកឃើញថា ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ ដែលបានចូលទៅកាន់ហាងនោះ។

សូមជម្រាបថា៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលដែលអង្គភាព«នគរដ្រេហ្គន» ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ៖ រកឃើញវិជ្ជមានវីរុសកូវីដ១៩ ទាំង៤នាក់បន្ថែមទៀតដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។ ក្នុងនោះរួមមាន៖

ទី១-បុរសជនជាតិខ្មែរអាយុ ៣៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកនៅហាងលក់កុំព្យូទ័រ ឈ្មោះ ឌីម កុំព្យូទ័រ ផ្លូវព្រះសីហនុ រាជធានីភ្នំពេញ ដែលត្រូវជាបងថ្លៃជីដូនមួយរបស់បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញមានវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ទី២-ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ ៣៩ឆ្នាំខាងលើ មានអាសយដ្ឋានស្នាក់នៅ បូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាបងប្អូនជីដូនមួយ បុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០។
ទី៣- កុមារាជនជាតិខ្មែរអាយុ ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ៣២ឆ្នាំ ខាងលើ មានអាសយដ្ឋានស្នាក់នៅបូរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាក្មួយប្រុសបុរសអាយុ ២៣ឆ្នាំ ដែលបានរកឃើញវីរុសកូវីដ-១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២០។
ទី៤-បុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺជាស្ត្រីអាយុ២១ឆ្នាំ ដែលបានចូលទៅហាងនោះ។ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុគ្គលទាំង ៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់។
ដល់រសៀលថ្ងៃដដែល លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការបញ្ជាក់ថា៖ ក្រសួងសុខាភិបាល រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦ករណីទៀត ដែលជាបុគ្គលិកហាងលក់សំលៀកបំពាក់ Pedro៕

ដោយ៖ សិលា


ចែករំលែក៖