ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកក្លែងព័ត៌មានអំពីកូវីដ-១៩ ម្នាក់ដើម្បីធ្វើការអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ តាមបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការស្តីទី ឆៃ ស៊ីណារិទ្ធ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ខានខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះឈិន មន្ថា អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានផ្ទះលេខ១២ ផ្លូវSK05 បុរីពិភពថ្មីកួរស្រូវ៣ ​ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ មានមុខរបរជាអ្នកលក់អនឡាញ ដែលមានផេកឈ្មោះ MC Cosmetic។
កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ម្ចាស់គណនីឈ្មោះ Ka​ Piink បានបង្ហោះក្នុងគណនីរបស់ខ្លួនដែលមានខ្លឹមសារថា “ផ្សារជម្ពូវ័នបិទហើយ​ អ្នកលក់ទូរស័ព្ទម្នាក់បានស្លាប់ និងបងប្អូនគាត់៥នាក់ទៀតក៏បានឆ្លងដែរ”។ បន្ទាប់មកមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ដោយខ្លឹមសារនេះគឺផ្ទុយពីការណ៍ពិតទាំងស្រុង។ ដោយឃើញដូច្នេះ អគ្គស្នងការស្តីទី បានចេញបញ្ជាឱ្យនាយកដ្ឋានជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីបញ្ឈប់ការចែកចាយព័ត៌មាននេះ ដែលអាចបង្កឱ្យមានចលាចលនៅក្នុងសង្គម។
នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២រសៀល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់គណនីខាងលើ ដើម្បីយកមកបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ។
នៅចំពោះមុខសមត្ថកិច្ចស្ត្រីឈ្មោះ​ ឈិន​ មន្ថា ដែលជាម្ចាស់គណនីនេះ បានសារភាពថា ខ្លួនពិតជាបានបង្ហោះព័ត៌មានដែលមានខ្លឹមសារដូចខាងលើនោះមែន ដោយខ្លួនបានទទួលសារពីមិត្តភក្តិតាម Messenger ហើយដោយខ្វះការពិចារណា ខ្លួនក៏បានបង្ហោះព័ត៌មាននេះទៅក្នុងគណនីផ្ទាល់របស់ខ្លួន។ប៉ុន្តែ បន្ទាប់មកខ្លួនក៏បានលុបចេញវិញដោយមានអ្នកប្រាប់ថាព័ត៌មាននេះមិនពិតទេ ហើយខ្លួនមិនបានដឹងថាមានអ្នកយកទៅចែកចាយបន្តយ៉ាងច្រើនដែលធ្វើឱ្យមានការភាន់ច្រឡំពីមហាជន។ ស្ត្រីឈ្មោះ ឈិន​ មន្ថា ក៏បានធ្វើការសុំអភ័យទោស និងសន្យាថាឈប់ចែកចាយព័ត៌មានណាដែលមិនមានប្រភពច្បាស់លាស់ទៀតហើយ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដាស់តឿនក្រើនរំឭកដល់អ្នកលេងក្នុងបណ្ដាញសង្គមទាំងអស់ សូមធ្វើការពិចារណានិងផ្ទៀងផ្ទាត់រាល់ព័ត៌មានទាំងអស់ មុនពេលធ្វើការបង្ហោះទៅក្នុងបណ្ដាញសង្គម ចៀសវាងបង្ហោះ ឬចែករំលែកព័ត៌មានណាដែលមិនមានការណ៍ពិត និងគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមចំពោះមុខច្បាប់ ព្រមទាំងបង្កឱ្យមានភាពចលាចលដល់សង្គមជាតិទាំងមូលថែមទៀតផង៕ ដោយ៖ ស សម


ចែករំលែក៖