អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ប៉ូលិសហ្វុីលីពីន នៅថ្ងៃសុក្រទី០៤ ខែធ្នូ ឆ្នាំ២០២០ បានព្រមាន ដល់ប្រជាពលរដ្ឋរបស់ខ្លួនថាពួកគេនឹងដាក់ពិន័យដោយវាយនឹងរំពាត់ ចំពោះអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 កំឡុងរដូវកាលបុណ្យណូអែល។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីលោកឧត្ដមសេនីយ៍Cesar Binag មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង COVID-19 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានបញ្ជាក់ទៀតថាប៉ូលិស និងទាហានហ្វុីលីពីន នឹងត្រូវដើរល្បាត នៅតាមទីសាធារណៈក្នុងរដ្ឋធានីម៉ានីល ដែលជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវមួយនេះ។
មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង COVID-19 រូបនេះ បន្ថែមថាប៉ូលិសនិងទាហាន នឹងកាន់រំពាត់ប្រវែងមួយម៉ែត្រក្នុងដៃ ហើយអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព នឹងត្រូវទទួលពិន័យដោយការវាយនឹងរំពាត់។
បើតាមគេហទំព័រ worldometer បច្ចុប្បន្ន ហ្វុីលីពីនមានអ្នកឆ្លង COVID-19 ៤៣៦,៣៤៥នាក់ ក្នុងនោះស្លាប់ ៨,៥០៩នាក់ និងជាសះស្បើយឡើងវិញ ៣៩៩,៣៤៥នាក់៕ដោយ៖ស តារា