ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្វេងមិនប្រយ័ត្នត្រូវអ្នកជិះម៉ូតូបញ្ច្រាសទិសគ្នាបុកខ្ទាតចូលក្រោមរថយន្តរបួសធ្ងន់កម្មកររោងចក្រម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុកហើយខ្ទាតចូលក្រោមរថយន្តបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩និង១៤០  ក្នុងភូមិថ្នល់កែង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ យ៉ុន គង់ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិស្រម៉ ឃុំខែ្សត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ  ញៀប ស៊ីថា  អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិព្រៃចំណារ ឃុំខែ្សត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោយឃើញសភាពមិនស្រួលបានរត់គេចខ្លួនបាត់ភ្លាមៗ។

តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣D-១៤៥៣បើកលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច រួចក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ស្វាយរៀង ១L-៣៥៩២ ក្នុងទិសដៅពីលិចទៅកើតបញ្ច្រាសទិសគ្នាមកបុកពេញទំហឹងបណ្តាលឱ្យម៉ូតូនិងអ្នកបើកខ្ទាតចូលទៅក្រោមរថយន្តបង្កការភ្ញាក់ផ្អើលតែម្តង។

ក្រោយមក អ្នកបើកបរបានរត់គេចពីកន្លែងហេតុ រីឯអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ។

ចំណែកមធ្យោបាយធ្វើដំណើររថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចធ្វើការវាស់វែងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដើម្បីដោះស្រាយគ្នានាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖