ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមខ្លាំងៗ៣នៅអង់គ្លេសទទួលបានលទ្ធផលល្អទាំងអស់

ចែករំលែក៖

ក្រុមខ្លាំងៗចំនួន៣នៅអង់គ្លេស Premier League ទទួលបាន៣ពិន្ទុដូចគ្នាក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១០ កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុមមេឃខៀវ Manchester City ឈ្នះក្រុមភ្ញៀវ Fulham, ក្រុមបិសាចក្រហម Manchester United ឈ្នះក្រុមម្ចាស់ផ្ទះ West Ham និងក្រុមតោខៀវ Chelsea ឈ្នះក្រុមភ្ញៀវ Leeds United។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport, Livescore និង Soccerway នៅព្រឹកថ្ងៃទី៦ ធ្នូនេះ។

ក្រុមម្ចាស់ផ្ទះមេឃខៀវបានយកឈ្នះក្រុមភ្ញៀវ Fulham ក្នុងលទ្ធផល២ទល់០ ដែល១គ្រាប់រកបានដោយខ្សែប្រយុទ្ធ Sterling នៅនាទីទី៥ ក្នុងតង់ទី១ ដែលជាការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើឆ្នើមសញ្ជាតិបែលហ្ស៊ិក De Bruyne និងគ្រាប់ទី២រកបានដោយកីឡាករ De Bruyne ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយសារកីឡាករ Fulham បង្កកំហុសនៅតំបន់គ្រោះថ្នាក់។

ក្រោយពីទទួលបាន៣ពិន្ទុ Man City បានឡើងទៅឈរលេខ៥បណ្តោះអាសន្ននៅក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន១៨ពិន្ទុ ខណៈដែល Fulham ក្រោយពីចាញ់ការប្រកួតនេះឈរនៅចំណាត់ថ្នាក់លេខ១៧ មានតែ៧ពិន្ទុប៉ុណ្ណោះ។

ចំណែកក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ West Ham ក្នុងលទ្ធផល ៣ទល់១។ ការប្រកួតចាប់ផ្តើមគូនេះត្រូវក្រុម West Ham បានរក១គ្រាប់នាំមុខមុននៅនាទីទី៣៥ ដោយកីឡាករ Souček ដែលធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមម្ចាស់ផ្ទះនាំមុខ១ទល់០។

ចូលដល់តង់ទី២ ក្រុមភ្ញៀវបិសាចក្រហម បានដាក់សម្ពាធយ៉ាងខ្លាំង ដើម្បីរកគ្រាប់បាល់តាមស្មើវិញ ហើយនៅនាទីទី៦៤ ខ្សែបម្រើសញ្ជាតិបារាំង Pogba រកបាន១គ្រាប់តាមស្មើវិញ។ ចូលដល់នាទីទី៦៨ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យក្មេង Greenwood រកបា១គ្រាប់បន្ថែមទៀតធ្វើឲ្យក្រុមបិសាចក្រហមនាំមុខ២ទល់១ ហើយចូលដល់នាទីទី៧៨ ខ្សែបម្រើប្រយុទ្ធ Mata បានបញ្ជូលបាល់យ៉ាងល្អឲ្យខ្សែប្រយុទ្ធRashfordរកបាន១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតបិសាចក្រហម Man United យកឈ្នះ West Ham ក្នុងលទ្ធផល ៣ទល់១។

ជ័យជម្នះនេះធ្វើឲ្យក្រុមបិសាចក្រហមឡើងឈរចំណាត់ថ្នាក់លេខ៤ មាន១៩ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន ខណៈដែលក្រុម West Ham បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៧ មាន១៧ពិន្ទុ។

ដោយឡែកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៣ទល់១។ ១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Bamford តាំងពីនាទីទី៤ម្ល៉េះ ខណៈដែល៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Chelsea រកបានដោយកីឡាករ Giroud នៅនាទីទី២៧ គ្រាប់ទី២រកបានដោយកីឡាករ Zouma នៅនាទីទី៦១ និងគ្រាប់ទី៣រកបានដោយកីឡាករ Pulisic នៅនាទីទី៩០+៣ក្នុងម៉ោងបន្ថែម។

លទ្ធផលនេះធ្វើឲ្យក្រុមតោខៀវ Chelsea ឡើងឈរកំពូលតារាងបណ្តោះអាសន្នមាន២២ពិន្ទុនៃលីគកំពូលអង់គ្លេស ខណៈដែលក្រុម Leeds United ក្រោយពីបរាជ័យនេះធ្លាក់មកឈរចំណាត់ថ្នាក់លេខ១៣ មាន១៤ពិន្ទុ។

សូមបញ្ជាក់ថា ក្រុមខ្លាំងៗទាំង៣ខាងលើនឹងត្រូវបំពេញកាតព្វកិច្ចប្រកួតវគ្គជម្រុះ Champions League តាមពូលបន្តទៀតដែលនៅសល់១ប្រកួតទៀតចប់វគ្គជម្រុះនេះ។ ក្នុងនោះក្រុមមេឃខៀវ Man City បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមហើយ ត្រូវប៉ះក្រុម Olympique Marseille ខណៈដែលក្រុមតោខៀវ Chelsea ក៏មានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយស្វ័យប្រវត្តិដែរត្រូវប៉ះក្រុម Krasnodar ចំណែកក្រុមបិសាចក្រហមMan United ត្រូវប៉ះក្រុមម្ចាស់ផ្ទះ RB Leipzig ដើម្បីប្រជែងយក៣ពិន្ទុឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយដែរ ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ ធ្នូខាងមុខនេះ ៕ដោយ៖ភារៈ


ចែករំលែក៖