ព័ត៌មានទាន់ហេតុការណ៍៖

មេគយ លោក ផែន ភឿន ប្រធានការិយាល័យ ស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់២ គ្រប់ទឹកនឹងរាប់ក្បាលដឹកទំនិញយកលុយ នឹងបង់ខែ

ចែករំលែក៖

ភ្នំពេញ ៖ មួយរយៈ នៃការរាតត្បាតជំងឺកូវីដ-១៩ គេឃើញថា៖ ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ គឺមានក្រុមហ៊ុន និងឈ្មួញជាច្រើន បានបង្វែរទិសដៅ ទៅតាមច្រកបាវិត ខេត្តស្វាយរៀង ខណៈការម៉ៅក្នុងការដឹកជញ្ជូន តម្លៃក្នុងមួយកុងតឺន័រ ថោកជាងគេ ចាប់ពី១៥០០ដុល្លារ ដល់២០០០ដុល្លារ(បញ្ចុះសេវារត់ការ) នេះជាការលើកឡើងពីក្រុមឃ្លាទំនិញ ។
គេបានរាយការណ៍មកថា ៖ ចំពោះបញ្ហាដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ទោះជាមានការបង់ពន្ធត្រឹមត្រូវក៏ពិតមែន។ ប៉ុន្តែតើមានទំនិញមួយចំនួនធំ បានលោតឆ័ត្រតាមច្រករបៀង ដែលគេដាក់ភាពសង្ស័យថា ជាអំពើរត់ពន្ធទាំងនេះ គឺជាប្រភពសេដ្ឋកិច្ចយ៉ាងច្រើន សម្រាប់បុគ្គល លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា។ កន្លងទៅលោក ផែន ភឿន មិនត្រឹមតែជាមេគយចល័ត ១រូប ប្រមូលប្រភពសេដ្ឋកិច្ច ពីទំនិញរត់ពន្ធប៉ុណ្ណោះទេ គាត់ថែមទាំងលើកទឹកចិត្តភរិយារបស់គាត់ ជាអ្នកចេញមុខ ក្នុងការទទួលរត់ការ និងដឹកទំនិញឱ្យបណ្ដាក្រុមហ៊ុន ឈ្មួញជាច្រើន តាមរយៈការឃុបឃិតគ្នាជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូន គាត់ក៏ដូចជាធ្លាប់យកឈ្មោះស្វាមីរបស់គាត់ទៅប្រើប្រាស់ក្នុងមុខរបរនេះ ។ ពិសេសក៏លេចឮថា កន្លងទៅភរិយា របស់លោកផែន ភឿន គាត់ធ្លាប់មានអំនួត ថាគាត់ជាមិត្តស្និទស្នាលរបស់ភរិយា លោកបណ្ឌិត គុណញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ចេញចូលជួបថ្មើរណាក៏បាន ហើយអាចមានឱកាសទប់តំណែងលោក ផែន ភឿន បានជារៀងរហូត នៃតំណែង«ប្រធានការិយាល័យ ស្រាវជ្រាវបង្ក្រាបអំពើរត់ពន្ធតំបន់២ »។
បច្ចុប្បន្ននេះ ត្រូវបានគេទម្លាយថា ភរិយាលោក ផែន ភឿន បានសម្រាកការងាររត់ការដឹកទំនិញនេះមួយរយៈ។
សូមបញ្ជាក់ថា ៖ លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់ ២ គឺបានគ្រប់គ្រងទៅលើខេត្តជាច្រើនដូចជា ៖ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តមួយទៀត។ ក្នុងនោះលោកក៏កាន់កាប់បង្រ្កាបអំពើរត់ពន្ធតាមដងទន្លេបាសាក់ ។ ទន្ទឹមនឹងឥទ្ធិពលក្នុងការគ្រប់គ្រងតាមបណ្តាខេត្តទាំងនោះ គាត់ក៏មានការលេចឮថា លោក ផែន ភឿន ឆ្លៀតរកឱកាស ដើម្បីប្រមូលសេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញបង់ពន្ធស្របច្បាប់ ទំនិញពាក់កណ្ដាលគេចពន្ធ និងទំនិញរត់ពន្ធ។ បើទោះជាគេមិនបានបញ្ជាក់អំពីតួលេខពិតប្រាកដយ៉ាងណាក៏ដោយ ប៉ុន្តែមានអ្នកដឹកទំនិញខ្លះលួចបង្ហើបថា បើទំនិញដែលបានបង់ពន្ធរួចហើយក៏ដោយ នៅតែបង់ប្រាក់ឱ្យលោកផែនខ្លួន ក្នុងមួយឡានចំនួន ១០០ដុល្លារទៅ ១៥០ដុល្លារ ។ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ ចាក់ទុកថាលោតឆ័ត្រ ឬប្រកាសពន្ធប្រភេទអេឡិចត្រូនិច ប្រភេទទំនិញនាំចូលបង់ពន្ធថ្លៃ តែបង់ពន្ធប្រភេទជាកែវជ័រ ចាប់ហួយ ជាវសំឡីអនាម័យ ក្រដាសអនាម័យ នោះគឺលោក ផែន ភឿន បានតម្រូវឱ្យបង់ក្នុងមួយឡាន យ៉ាងតិចចាប់ពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ។ ក្នុងនោះការបង្កប់ដឹកប្រេងម៉ាសុឺនច្រើនផងដែរ។

ប្រសិនបើ លោក ផែនវភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ គិតអំពីផលប្រយោជន៍បុគ្គល ហើយឃុបឃិតជាមួយឈ្មួញ អាចជាចេតនាមួយអាក្រក់ក្នុងការធ្វើឲ្យបាត់បង់ចំណូលពន្ធនាំចូលរបស់រដ្ឋ។ ប៉ុន្តែចំពោះការដឹកជញ្ជូនទំនិញដែលបានបង់ពន្ធពិតប្រាកដ គេក៏ឆ្ងល់ថា ហេតុអី្វក៏លោក ផែន ភឿន នៅតែទទួលបាន សេវាបង់ថ្លៃក្បាលឡានក្នុងមួយឡាន ១០០ដុល្លារទៅ ១៥០ដុល្លារ នេះជាចំនុចមួយក្លាយជាចម្ងល់សង្ស័យថា ការដឹកជញ្ជូននេះបង់ពន្ធពិតប្រាកដក៏ដោយ តែអាចបង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងភេទទំនិញ ប្រកាស(គោ) បង់ពន្ធ( កណ្ដុរ)ក៏អាចថាបាន។
ក្រុមឈ្មួញបានលើកឡើងថា មួយរយៈចុងក្រោយនេះ គឺមានទំនិញច្រើន ត្រូវឆ្លងកាត់ក្នុងតំបន់ដែល លោក ផែន ភឿន គ្រប់គ្រង ទាំងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ មិនខេត្តមួយចំនួនទៀត មានទាំងទំនិញតាមផ្លូវគោក និងតាមផ្លូវទឹក ។ អ្នកដឹកជញ្ជូនទំនិញជៀសមិនផុតទេ ពីការបង់ប្រាក់ឱ្យលោក ផែន ភឿន ដែលជាមេគយ ដ៏ចាស់វស្សា និងប្រមូលសេដ្ឋកិច្ចស្ទើរក្លាយជាសេដ្ឋីទៅហើយ។
សូមជម្រាបជូនថា ៖ ក្នុងដំណាក់កាលជំងឺកូវីដ-១៩ កំពុងរាតត្បាតលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ជំរុញឲ្យស្ថាប័នរបស់រដ្ឋគ្រប់គ្រង ប្រភពសេដ្ឋកិច្ចពន្ធរបស់រដ្ឋ។ ក្នុងនោះលោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានខិតខំកំណែនាំដល់ អស់លោក លោកស្រី ជាប្រធានការិយាល័យគយនិងរដ្ឋករតាមបណ្ដាច្រកអន្តរជាតិ ច្រកទ្វេភាគី អស់លោក លោកស្រី ជាប្រធានសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត, អស់លោក ជាប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធគ្រប់តំបន់ទាំងអស់ រឹតបន្តឹង បង្រ្កាបអំពើគេចពន្ធ ដើម្បីប្រមូលពន្ធជូនរដ្ឋ។ ប៉ុន្តែចំពោះបុគ្គលលោកផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៅតែបន្តឆក់យកប្រយោជន៍ពីឈ្មួញដឹកទំនិញ ក្រុមហ៊ុនដឹកជញ្ជូន បានសេដ្ឋកិច្ចយ៉ាងច្រើនផងដែរក្នុងមួយខែៗ ប៉ុន្តែគេពុំដឹងថា ប្រភពសេដ្ឋកិច្ចពេលនេះ ត្រូវបែងចែកដោយរបៀបណា សម្រាប់ក្រុមការងារគាត់ និងថ្នាក់លើជាដើម។ ពាក់ព័ន្ធនឹងករណីលើកឡើងពីក្រុមឈ្មួញខាងលើ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ បានប្រាប់អង្គភាព «nokordragon » តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «ខ្ញុំគ្មានធ្វើចឹងៗ យកលុយពីគេទេ កុំជឿគេចោទប្រកាន់មកលើខ្ញុំ»……រួចក៏បិទទូរស័ព្ទ ខលលែងចូលតែម្តង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖