អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានស្នើរដ្ឋាភិបាលចំណាយប្រាក់ដល់ពលរដ្ឋអាមេរិក ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយម្នាក់ៗទទួលបានប្រាក់១៥០០ដុល្លារ។
លោកJohn Delaney អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានលើកឡើងថា «ការចាក់វ៉ាក់សាំង កាន់តែឆាប់កាន់តែល្អ យើងចង់ឲ្យបញ្ចប់ការឆ្លងកូវីដ-១៩បានឆាប់បំផុត ដើម្បីឲ្យជីវភាពរស់នៅធម្មតាវិញ»។
សំណើផ្តល់ប្រាក់១៥០០ដុល្លារដល់ពលរដ្ឋអាមេរិកដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រមាណ៧៥ភាគរយនៃពលរដ្ឋអាមេរិក បើគិតជាប្រាក់មានចំនួន៣៨០ពាន់លានដុល្លារ។ កាលពីចុងខែវិច្ឆិកា ក្រុមហ៊ុនPfizer និង Moderna បានដាក់លិខិតទៅកាន់នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិកដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ក្រោយទទួលបានលទ្ធផលល្អ គឺមានប្រសិទ្ធភាពជាង៩០ភាគរយ។
នៅពេលនេះដែររដ្ឋាភិបាលអាមេរិក មានគម្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅពាក់កណ្តាលខែធ្នូនេះ។ ប៉ុន្តែតាមការស្ទង់មតិ ពីក្រុមហ៊ុនGallup បានប្រកាសកាលពីចុងខែវិច្ឆិកាថា មានពលរដ្ឋអាមេរិកដល់ទៅជាង៤២%មិនព្រមទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នោះឡើយ ដោយសារតែពលរដ្ឋមិនទាន់មានទំនុកចិត្តទៅលើវ៉ាក់សាំងនោះ។
កត្តាទាំងនោះហើយបានជាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា លោក ចច ដាប់ប៊លយូប៊ូស និងលោកប៊ីល គ្លីនតុន បានប្រកាសថា នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាសាធារណៈហើយថតផ្សព្វផ្សាយដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋអាមេរិកបានទៅចាក់វ៉ាក់សាំងគ្រប់ៗគ្នាដោយអត់គិតថ្លៃ៕ដោយ៖ធី រីណា