ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ៖ មិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន ទាំងមូល ឬផ្នែកណាមួយ សូមពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬផ្នែកណាមួយនោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឲ្យបិទការរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់នោះដែរ។ ជាមួយគ្នានេះផងដែរ សម្ដេចសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូរវិដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា “ព្រឹកមិញ ខ្ញុំបាននិយាយដល់ការត្រៀមបម្រុងទុកនូវលិខិតនានាដើម្បីនឹងសុំព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន ។ ក្នុងពេលជាមួយគ្នាខ្ញុំក៏បានបញ្ជាក់ថាខ្ញុំមិនចង់ទៅដល់ចំណុចនេះទេ ព្រោះវាប៉ះពាល់ធំពេកដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន ដែលខ្ញុំស្នើសុំឲ្យមានការចូលរួមពីប្រជាជនដើម្បីប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ជំនួសវិញ” ។

សម្ដេចបានបន្តថា ” ពេញមួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថានឹងមានការបិទប្រទេស ឬរាជធានីភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះហើយបំផុសឲ្យមនុស្សទិញទំនិញត្រៀមទុក” ។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា “ចំពោះមុខពាក្យភូតកុហកបែបនេះក្នុងឋានៈខ្ញុំជាប្រមុខនៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្នទាំងមូលឬមួយផ្នែកណានោះឡើយហើយក៏នឹងមិនមានការចេញបទបញ្ជាឲ្យបិទរាជធានីភ្នំពេញដូចការឃោសនាភូតកុហករបស់ជនអាក្រក់ដែរ” ។

ជាទីបញ្ចប់សម្ដេចបានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោនិងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល” ៕

ដោយ៖ សូរិយា 


ចែករំលែក៖