ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ! ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

ចែករំលែក៖

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់ទៀតដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា

អ្នកទាំង២នាក់ដែលរកឃើញឆ្លងកូវីដ-១៩នេះ រួមមានបុរសឈ្មោះ អ៉ី តារា អាយុ២១ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស និងស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង២នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

បើគិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤២នាក់៕

ដោយ៖ស តារា


ចែករំលែក៖