ព័ត៌មានទាន់ហេតុការណ៍៖

លោកថេង សុថុល អភិបាលខណ្ឌចំការមននិងក្រុមការងារធ្វើការផ្សព្វផ្សាយតាមមូលដ្ឋានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងចម្រុះក្នុងនោះមានកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាលនៃអធិការដ្ឋាន និងមន្ត្រីសាលាសង្កាត់ទាំង៥ ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនបានចុះធ្វើការផ្សព្វផ្សាយតាមរយៈការបើករថយន្តនិងម៉ូតូកង់បីហែតាមដងផ្លូវសាធារណ:ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នាព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០២០នៅចំណុចបរិវេណកោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌចំការមនបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មិនមែនតែព្រឹកនេះទេគឺតាំងពីយុទ្ធនាការដំបូងដែលធ្វើការផ្សព្វផ្សាយក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាអំពាវនាវឱ្យជនរួមជាតិមានការប្រុងប្រយ័ត្នការពារជំងឺកូវីដ-១៩កុំឱ្យរាលដាលក្នុងសហគមន៍។ក្រោយមកក៏មានការផ្ទុះឡើងថ្ងៃ២៨វិច្ឆិកាបានចូលក្នុងសហគមន៍យ៉ាងណាក៏ដោយក៏អាជ្ញាធរ
មិនចុះចាញ់និឹងមេរោគកូវីដ-១៩នោះដែរគឺបានធ្វើការផ្សព្វផ្សាយនិងបន្តធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងចូលរួមពាក់ម៉ាស់ទាំងអស់គ្នា លាងដៃនឹងសាប៊ូ និងបាញ់អាល់កុលឬជែលឱ្យបានញឹកញាប់និងមានគម្លាតពីគ្នាមិនក្រោម១,៥ម៉ែត្រ ហាមមានការជួបជុំគ្នាលើសពី២០នាក់និងត្រូវវាស់កម្តៅជាមុនសិន ។

លោកអភិបាលខណ្ឌបញ្ជាក់ដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់មួយទៀតដល់អភិបាលខណ្ឌទាំង១៤ ព្រមទាំងអាជ្ញាធរ និងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ត្រូវសហការគ្នាចូលរួមនិងទប់ស្កាត់ឲ្យមានប្រសិទ្ធភាពលើការរីករាលដាល និងការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍។
ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្ដឲ្យគ្រប់ៗគ្នាផងដែរ។
កន្លងទៅអភិបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំ១០ចំណុច ហើយអំពាវនាវឲ្យអាជ្ញាធរសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋអនុវត្ដ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា អាជ្ញាធរ និងសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយតាមរថយន្ដ និងម៉ូតូក្នុងមូលដ្ឋានយ៉ាងសកម្ម ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង និងអនុវត្ដតាមវិធានការរបស់ក្រសួងសុខាភិបាលនិងចែកម៉ាស់តាមផ្លូវសាធារណ:ដល់ប្រជាពលរដ្ឋធ្វើដំណើរដែលមិនបានពាក់ម៉ាស់និងណែនាំឱ្យជួយដាស់តឿនដល់ក្រុមគ្រួសារចូលរួមពាក់ម៉ាស់ទាំងអស់គ្នា៕ដោយ៖ជីណា


ចែករំលែក៖