ភ្នំពេញ៖ បុរសម្នាក់សង្ស័យថាខ្យល់គរស្លាប់នៅក្នុងហាងមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រូសារ និងប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវលេខ១៥៤ ត្រង់ចំណុចហាងមួយកន្លែង មានយីហោ អយស្ទ័រ ហៅស៍១ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ភក្តី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់ក្នុងហាង យីហោ អយស្ទ័រ ហៅស៍១ មានស្រុកកំណើតនៅភូមិឈើកាច់ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃរស់នៅទីតាំងកន្លែងកើតហេតុនេះ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ជនរងគ្រោះបានធ្វើការនៅហាង យីហោ អយស្ទ័រ ហៅស៍១ ហើយសព្វថ្ងៃនេះរូបគាត់ស្ទាក់នៅហាងកើតហេតុខាងលើនេះតែម្តង។ លុះមកដល់វេលាម៉ោង៣ រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រូសាររបស់ជនរងគ្រោះចេះតែឆ្ងល់ថាហេតុអីជនរងគ្រោះមិនចេញធ្វើការ ហើយធ្វើការទាក់ទងក៏មិនបានទៀត។ ពេលនោះក្រុមគ្រូសារក៏សម្រេចចិត្តចាក់សោទ្វារហាងដែលជនរងគ្រោះស្នាក់នៅ ខណៈចាក់ចូលទៅខាងក្នុងស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុទំនាក់ទំនងទៅកម្លាំងជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យ រួចសរសេរលិខិតប្រគល់សពឱ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ រ៉ារ៉ា