ភ្នំពេញ៖រថយន្តក្រឡុកស៊ីម៉ងត៍ កែ អេង ខន គ្រីត បើកមិនគោរពភ្លើងស្តុប បុកម៉ូតូកិនបុរសម្នាក់ស្លាប់ភ្លាមៗមួយរំពេចយ៉ាងអាណោចអាធ័មបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង៦នឹង៤០នាទីព្រឹកថ្ងៃទី ០៨ ខែធ្នូឆ្នាំ២០២០ស្ថិតនៅត្រង់ចំណុចស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុផាត ពិសិត ភេទ ប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត ភូមិពោធិ៍តាមុំ ឃុំស្វាយជ្រុំ ខេត្តស្វាយរៀង។
ចំណែកអ្នកបើកបរ ឈ្មោះ ស ហម ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអង្គពក ឃុំមុឺនជ័យ ស្រុក រំដួល ខេត្តស្វាយរៀង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅគោលដៅត្រង់ចំណុចនេះបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ស្ពឺ 1E- 7799 ជិះតែម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ត្រង់ចំណុចស្តុបចំការមន បានជិះឆ្លងផ្លូវក៏ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងម៉ាកHINOពណ៌សពាក់ស្លាកលេខភ្នំពេញ 5A-3109របស់ក្រុមហ៊ុន កែ អេង ខន គ្រីត បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសបញ្ជ្រាស់ទិសគ្នាក្នុងទិសដៅពីកើតមកលិចបំណងបត់ឆ្វេងទៅផ្លូវនរោត្តមបានជ្រុលបុកម៉ូតូហើយកិនជនរងគ្រោះស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុស្លាប់យ៉ាងអាណោចអាធ័មបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងទាំងព្រឹក ក្រោយកើតហេតុអ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍បើកទ្វារចុះរួចគេចខ្លួនតែត្រូវបានកម្លាំងសមត្ថកិច្ចចរាចរណ៍ឈរជើងនៅគោលដៅដេញតាមចាប់ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីសាកសួរ។
ខណ:ពេលនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ជួយសម្រួលចរាចរណ៍និងធ្វើការទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារសពជនរងគ្រោះដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ រ៉ារ៉ា