ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិន​១៤រូបពាក់ព័ន្ធការបោះឆ្នោតនៅហុងកុង

ចែករំលែក៖

ទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្ម​លើការធ្វើដំណើរនិងហិរញ្ញវត្ថុ​ចំពោះមន្ត្រីចិន​១៤រូប​​ ដែលអាមេរិកចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកោះហុងកុង ។
សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្មដល់មន្ត្រីចិន​១៤រូប​ ហើយទ្រព្យសម្បត្តិរបស់មន្ត្រីទាំង​១៤រូប​នឹងត្រូវបង្កកនៅអាមេរិក ។ ក្រុមហ៊ុនអាមេរិកក៏ដូចជាបុគ្គលហាមមានទំនាក់ទំនងរកស៊ីជាមួយមន្ត្រីទាំង​១៤រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។
ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក គឺជាការខិតខំរបស់​ប្រធានាធិបតីត្រាំ​ ក្នុងការដាក់ទណ្ឌកម្ម​ទៅលើចិនមុនពេល លោកបញ្ចប់តំណែងនៅថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១។
ចំណែកចិនវិញបានថ្កោលទោសយ៉ាងខ្លាំង​ដល់អាមេរិក​ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ បញ្ហាកោះហុងកុង ឬតៃវ៉ាន់​គឺស្ថិតនៅក្នុងដែនអធិបតេយ្យ​របស់ចិន អាមេរិក​ត្រូវតែគោរព​តាមកិច្ចព្រមព្រៀងចិនតែមួយ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន​បានបញ្ជាក់ថា ប្រសិនបើអាមេរិកបន្តដើរខុសផ្លូវ​ ទីក្រុងប៉េកាំងនឹងមានវិធានការទប់ស្កាត់វិញយ៉ាងសមស្របបំផុត ដើម្បីការពារ​សន្តិសុខ និងដែនអធិបតេយ្យភាពរបស់ចិន៕ដោយ៖ធី រីណា


ចែករំលែក៖