ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បន្តនាំយកអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅផ្ដល់ជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋទីទ័លក្រ ព្រមទាំងផ្សព្វផ្សាយវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយរបស់លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនដល់អតីតយុទ្ធជនចំនួន០៨គ្រួសារ និងចាស់ជរាគ្មានទីពឹង ព្រមទាំងប្រជាពលរដ្ឋទីទ័លក្រចំនួន០៤គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាតស្ថិតក្នុងស្ថានភាពរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ផង។ អំណោយដែលបានផ្ដល់ជូននាពេលនេះដោយក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន២៥គីឡូក្រាម មី ចំនួន១កេស ទឹកត្រី ទឹកស៊ីអុីវ ចំនួន២យួរ ម៉ាស់ក្រណាត់ ចំនួន១២ម៉ាស់ និងថវិកាមួយចំនួនទៀតផងដែរ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងដំណាក់កាលថ្មីក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ជូនដល់អតីតយុទ្ធជន និងប្រជាជននៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ៕

ដោយ៖សិលា


ចែករំលែក៖