ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសបាក់ជើងខាងស្តាំ

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែបើកបររថយន្តពុំមានការប្រុងប្រយ័ត្នបង្កឱ្យបុរសម្នាក់រងរបួសបាក់ជើងខាងស្ដាំក្នុងខណៈដែលអ្នកបើករថយន្តបង្កហេតុជ្រុលទៅបុកបុរសម្នាក់កំពុងតែជិះម៉ូតូតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នៅចំណុចមុខធនាគារABA ក្បែរទីស្ដីការគណៈរដ្ឋមន្ត្រីស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW-2488 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-0043 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច បម្រុងនឹងបត់ឆ្វេង ត្រូវបានរថយន្តបង្កបើកបុកយ៉ាងពេញទំហឹងតែម្ដងបណ្ដាលឱ្យបាក់ជើងខាងស្តាំ ហើយរថយន្តព្យាយាមបើករត់គេច តែត្រូវបានប្រជាពលរដ្ឋតាមឃាត់បាននៅមូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍មិត្តភាព និងនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានចុះមកដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។
លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានឱ្យដឹងថា ម្ចាស់រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង មានសារធាតុអាល់កុល ០.៥៧ មួយមិលី្លក្រាមក្នុង១លីត្រខ្យល់។
ក្រោយពេលកើតហេតុនគរបាលជំនាញបានឃាត់ខ្លួនម្ចាស់រថយន្តនិងរថយន្តបង្កមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖