អន្តរជាតិ៖ លោក Sean Kennedy អនុប្រធានប្រតិបត្តិកិច្ចការសាធារណៈនៃសមាគម បានបញ្ជាក់នៅក្នុងលិខិតមួយទៅកាន់សភាថាដោយសារទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាត Covid-19 ភោជនីយដ្ឋាននៅទូទាំងសហរដ្ឋអាមេរិក ជាង ១១ម៉ឺនកន្លែងនឹងត្រូវបានបិទជាអចិន្ត្រៃយ៍ ឬយូរអង្វែង។ បន្ថែបពីនេះ អនុប្រធានប្រតិបត្តិកិច្ចការសាធារណៈនៃសមាគមរូបនេះ បានបញ្ជាក់ទៀតថា៖ ឧស្សាហកម្មភោជនីយដ្ឋាន មិនអាចរង់ចាំការធូរស្បើយបានទៀតទេ អ្វីដែលបានរកឃើញទាំងនេះបញ្ជាក់កាន់តែច្បាស់នោះគឺថា ភោជនីយដ្ឋានគ្រប់ប្រភេទជាង ៥០០,០០០ ភោជនីយដ្ឋានស្ថិតក្នុងការធ្លាក់ចុះសេដ្ឋកិច្ច។
លោក Sean Kennedy បន្តថា ខណៈពេលដែលប្រជាជននៅតែបន្តស្នាក់នៅ និងញ៉ាំនៅផ្ទះ និងបំរាមបរិភោគអាហារក្នុងហាងនៅពេលថ្មីៗនេះត្រូវបានដាក់ចេញពាសពេញសហរដ្ឋអាមេរិក ភោជនីយដ្ឋានបានខិតខំរក្សាការលក់នៅក្នុងតំបន់ដែលរងគ្រោះច្រើនជាងគេដូចជានៅទីក្រុង New York និងរដ្ឋ Illinois ដោយស្ទើរតែ ៩០% នៃសេវាកម្មរបស់ភោជនីយដ្ឋាននៅក្នុងការស្ទង់មតិបានរាយការណ៍ថា មានការធ្លាក់ចុះ ដោយប្រាក់ចំណូលបានធ្លាក់ចុះជាមធ្យម ៣៦% ។
ជាក់ស្តែងបើយោងតាមការស្ទង់មតិ បានឱ្យដឹងថា ប្រតិបត្តិករចំនួន ៣៧% បានលើកឡើងថា ភោជនីយដ្ឋានរបស់ពួកគេនៅតែមិនអាចធ្វើជំនួញបានរយៈ ៦ ខែទៀត ប្រសិនបើមិនមានកញ្ចប់ជំនួយបន្ថែមរបស់រដ្ឋាភិបាលទេនោះ។ ប្រតិបត្តិករជាច្រើន កំពុងពិចារណាបិទជាបណ្តោះអាសន្នរហូតដល់មានលក្ខខណ្ឌប្រសើរឡើង។
គួរបញ្ជាក់ថា ចំពោះរដ្ឋាភិបាលញូវយ៉ក ក៏បានលើកឡើងដែរថា ការបរិភោគអាហារក្នុងហាង នឹងត្រូវបិទនៅក្នុងទីក្រុង New York និងកាត់បន្ថយទូទាំងរដ្ឋប្រសិនបើអត្រាមន្ទីរពេទ្យក្នុងតំបន់មិនមានស្ថេរភាពបន្ទាប់ពី ៥ ថ្ងៃ៕ដោយ៖ស តារា