ភ្នំពេញ៖ បើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីឆន្ទៈរបស់កម្ពុជាប្រាប់ដល់មេដឹកនាំ ACMECS ថា កម្ពុជាមានបំណងចាក់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ជូនប្រជាជនខ្លួនរហូតដល់ ១០លាននាក់ នាពេលខាងមុខនេះ។
លោកថ្លែងថា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះ នៅព្រឹកថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូល នៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូ។
លោក កៅ គឹមហួន បានបន្តថា អ្វីដែលគួរឲ្យចាប់អាម្មណ៍នៅក្នុងកិច្ចប្រជុំនេះ គឺវ៉ាក់សាំងប្រឆាំងនឹងមេរោគកូវីដ-១៩។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្នើសុំឲ្យប្រទេសទាំងអស់ ចែករំលែកនូវបទពិសោធន៍ ពាក់ព័ន្ធនឹងការប្រើប្រាស់វ៉ាក់សាំងនេះ ដោយសារវៀតណាម ប្រកាសថាខ្លួនបញ្ជាទិញ ថៃក៏កំពុងបញ្ជា ហើយកម្ពុជាក៏កំពុងត្រៀមបញ្ជាទិញដូចគ្នាដែរ។
«លើសពីនេះទៅទៀត ខ្ញុំសូមជម្រាបជូនថា សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានប្រកាសដែរថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួន ១លានដូស ហើយផែនការនៅថ្ងៃអនាគត នឹងត្រូវការសម្រាប់ ១០លាននាក់ ដែលយើងត្រូវចាក់វ៉ាក់សាំង»។ នេះជាការបញ្ជាក់បន្ថែមពីលោក កៅ គឹមហួន។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ ការប្រកាសនេះ បានជំរុញឱ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំងពីសាធារណជន ដោយបានចូលរួមបរិច្ចាគជាមួយរដ្ឋាភិបាលជាបន្តបន្ទាប់ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។
ប្រទេសកម្ពុជា ធ្លាប់បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាសុី និងលេខ៣ នៅលើពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។
គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់៕
ដោយ សិលា