ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មកសុំម៉ូតូពីប៉ូលិសវិញក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ហើយពេលដកលុយទិញទឹកសុទ្ធក៏ធ្លាក់គ្រឿងញៀន១កញ្ចប់ចេញពីហោប៉ៅត្រូវប៉ូលិសឃាត់ខ្លួនភ្លាម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិរួចជិះម៉ូតូបំណងទៅផ្ទះវិញតែមិនទាន់ដល់គោលដៅផងក៏ដួលបណ្តាលឲ្យរងរបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាលពីយប់ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២០​ ដែលហេតុការណ៍នេះកើតឡើងនៅផ្លូវជាតិលេខ៤​ ភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។ លុះមកដល់វេលាម៉ោង១១ព្រឹក​ ថ្ងៃទី៩​ ខែធ្នូ ឆ្នាំ២០២០​ បុរសនោះក៏ធ្វេីដំណេីរមកសុំម៉ូតូពីសមត្ថកិច្ចវិញ។

ពេលមកដល់មុខប៉ុស្តិ៍បុរសនេះក៏ហូតលុយពីហោប៉ៅដើម្បីទិញទឹកសុទ្ធ១ដបក៏ស្រាប់តែធ្លាក់គ្រឿងញៀន១កញ្ចប់នៅចំពោះមុខសមត្ថកិច្ច។ឃេីញដូចនេះសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះ គឿ​ សុខ​កេង​ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ​ ស្នាក់នៅភូមិចំការឪឡឹក​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ​ ជិះម៉ូតូម៉ាកស្គូបពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HF 6431។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ នៅយប់ថ្ងៃទី៨​ ខែធ្នូ​ឆ្នាំ២០២០​ ជនសង្ស័យខាងលេីបានជិះម៉ូតូដួលខ្លួនឯងនៅផ្លូវជាតិលេខ៤​ ភូមិអង្គកែវ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បណ្តាលឲ្យរងរបួស​។ បន្ទាប់មកជនសង្ស័យត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ​ ដោយឡែកម៉ូតូក៏ត្រូវបានកម្លាំងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍ដេីម្បីរង់ចាំបងប្អូនមកទទួលយកទៅវិញ។ពេលនេះសមត្ថកិច្ចបានឆែកឆេរក្នុងម៉ូតូក៏ឃេីញសម្ភារប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

ប្រភពដដែលបានបន្តថា​ លុះមកដល់វេលាម៉ោង១១ព្រឹក​ ថ្ងៃទី០៩​ ខែឆ្នាំដដែល​ ស្រាប់តែជនសង្ស័យធ្វេីដំណេីរមកប៉ុស្តិ៍ដេីម្បីសុំម៉ូតូយកទៅវិញ​ ខណៈមកដល់មុខប៉ុស្តិ៍ជនសង្ស័យក៏លូកហោប៉ៅយកលុយទិញទឹកផឹក​ ស្រាប់តែធ្លាក់គ្រឿងញៀនមួយកញ្ចប់នៅមុខសមត្ថកិច្ចតែម្តង។ឃេីញដូចនេះសមត្ថកិច្ចក៏ឆែកឆេរលេីដងខ្លួនបន្តរកឃេីញមួយកញ្ចប់ទៀតសរុប២កញ្ចប់តូច​ ទេីបឃាត់ខ្លួនយកទៅចាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ ថ្នាំញៀនទាំងនេះពិតជារបស់ខ្លួនប្រាកដមែន​ ដោយសល់ពីការប្រេីប្រាស់ពេលយប់។
បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការបន្ត៕ដោយ​៖សុខាសែនជ័យ


ចែករំលែក៖