BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រុមខ្លាំងមកពីអេស្ប៉ាញ ស្តេចស Real Madrid បានកក់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ហើយកាលពីយប់មិញ ដោយបានយកឈ្នះក្រុមភ្ញៀវ Monchengladbach ក្នុងលទ្ធផល២ទល់០។២គ្រាប់នៃជ័យជម្នះរបស់ក្រុម Real Madrid រកបានដោយប្រធានក្រុម Karim Benzema នៅតង់ទី១ នាទីទី៩ និងនាទីទី៣១ ក្នុងវគ្គជម្រុះចុងក្រោយក្នុងពូលB ធ្វើឲ្យ Real Madrid មានសិទ្ធិពេញលេញឡើងទៅវគ្គ១៦ ក្រុមចុងក្រោយផងដែរ។ ចំណែកក្រុម Inter Milan និង ShakhtarDonetsk បានទទួលលទ្ធផលស្មើ ០-០ ។ ក្រុមទាំង២ ត្រូវការឈ្នះដើម្បីអាចឡើងទៅវគ្គបន្ត ប៉ុន្តែក្រុម Shakhtar Donetsk មានឱកាសកក់កៅអីទៅលេង Europa League ក្នុងវគ្គ៣២ក្រុមចុងក្រោយ។
Real Madrid បានឈានដល់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌChampions League របស់ពួកគេ និងគ្រប់រដូវកាលចាប់តាំងពីឆ្នាំ១៩៩៦-១៩៩៧មកក្នុង។ ក្រុមរបស់លោក Zinedine Zidane បានឈ្នះពានរង្វាន់៤ក្នុងចំណោមពានរង្វាន់ Champions League ចំនួន៧លើកកន្លងមកហើយ។
ការចូលរួមរបស់ពួកគេក្នុងវគ្គ១៦ ក្រុមចុងក្រោយនៃរដូវកាលនេះមើលទៅស្ថិតក្នុងភាពស្រពេចស្រពិលបន្ទាប់ពីការបរាជ័យក្នុងលទ្ធផល ២-០ នៅលើទឹកដី Shakhtar Donetsk កាលពីសប្តាហ៍មុន។ ប៉ុន្តែពួកគេបានបង្ហាញពីទម្រង់លេងយ៉ាងល្អឥតខ្ចោះនៅពេលដែលពួកគេបានផ្លាស់ប្តូរពីចំណាត់ថ្នាក់ពីលេខ៣ដល់លេខ១ក្នុងពូល ។
សូមបញ្ជាក់ថា ក្នុងពូលB មាន២ក្រុមដែលត្រូវឡើងទៅកាន់វគ្គ១៦ក្រុម គឺក្រុម Real Madrid និងក្រុម Monchengladbach បើទោះបីចាញ់ក្រុម Real Madrid ក៏ដោយក្រុមMonchengladbachឈរលេខ២ក្នុងពូល និងក្រុម ShakhtarDonetsk ចំណាត់ថ្នាក់លេខ៣មានកៅអីទៅលេង Europa League វគ្គ៣២ក្រុម។ ចំណែកក្រុម Inter Milan មិនបានឱកាសទៅប្រកួតក្នុងក្របខ័ណ្ឌទាំង២នេះទេ ដោយសារឈរបាតតារាងក្នុងពូលB ៕ដោយ៖ភារៈ