ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអុីតាលី និងជាម្ចាស់ពានរង្វាន់ World Cup លោក Paolo Rossi ទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ

ចែករំលែក៖

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី១០ ខែធ្នូថា វីរបុរសបាល់ទាត់អុីតាលីដែលបានជួយឲ្យក្រុមជម្រើសជាតិទទួលបានជ័យជំនះក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ១៩៨២ Paolo Rossi បានទទួលមរណភាពក្នុងវ័យ៦៤ឆ្នាំ។

ភរិយារបស់លោក Rossi គឺលោកស្រី Federica Cappelletti បានប្រកាសពីដំណឹងមរណភាពជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គម Instagram អមជាមួយរូបថតរបស់គូស្នេហ៍អ្នកទាំងពីរអមដោយពាក្យថា “Forever” ជាមួយនឹងរូបបេះដូង។

លោកស្រី Cappelletti ក៏បានសរសេរនៅលើហ្វេសប៊ុកថា “នឹងមិនមាននរណាម្នាក់ដូចជាអ្នក ពិសេសខ្ញុំមានអារម្មណ៍ប្លែកពីគេ បន្ទាប់ពីគ្មានអ្នក” ។

ដំណឹងនៃការស្លាប់របស់លោក Paolo Rossi កើតឡើងពីរសប្តាហ៍បន្ទាប់ពីមរណភាពរបស់វីរបុរសបាល់ទាត់អាហ្សង់ទីន Diego Maradona ដែលជាអ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៨៦ ។ លោក Paolo Rossi ត្រូវបានគេសរសើរជាមួយនឹងការជួយឲ្យប្រទេសអុីតាលីឈ្នះ World Cup ជាលើកទី៣របស់ខ្លួននៅប្រទេសអេស្ប៉ាញកាលពីឆ្នាំ១៩៨២ ។

លោក Paolo Rossi ក៏ត្រូវបានគេចាប់នៅក្នុងរឿងអាស្រូវស៊ីសំណូក ហើយត្រូវបានហាមឃាត់មិនឲ្យចូលលេងបាល់ទាត់អស់រយៈពេល៣ឆ្នាំក្នុងឆ្នាំ ១៩៨០ ប៉ុន្តែបន្ទាប់ពីការតវ៉ាប្រឆាំងភាពគ្មានទោសកំហុសរបស់គាត់ត្រូវបានលុបចោលវិញ និងមានសិទ្ធិលេងបាល់ឡើងវិញ។

ខ្សែបម្រើស្លាប Paolo Rossi មានសមត្ថភាពមិនធម្មតាក្នុងការលេងបាល់ទាត់ ដោយគាត់បានជួយឲ្យអុីតាលីឈ្នះប្រេស៊ីល ៣ទល់២ ក្នុងថ្ងៃលើឆាកនៃការប្រកួតកាលពីឆ្នាំ១៩៨២ ជាមួយនឹងគ្រាប់បាល់ Hat-trick ។ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលោកបានស៊ុតបញ្ចូលទីទាំង២គ្រាប់ ខណៈដែលក្រុមជម្រើសជាតិអុីតាលីបានផ្តួលប៉ូឡូញ ២-០ ហើយបានវាយបកយកឈ្នះលើអាល្លឺម៉ង់ខាងលិចក្នុងលទ្ធផល ៣-១ ។

លោក Paolo Rossi បានបញ្ចប់អ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួតដោយរកបាន៦គ្រាប់ហើយគាត់ក៏ជាសមាជិកនៃក្រុមអុីតាលីដែលបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤នៅអាហ្សង់ទីនក្នុងឆ្នាំ ១៩៧៨។ រួមជាមួយ Christian Vieri និង Roberto Baggio គាត់កាន់កំណត់ត្រាអុីតាលីសម្រាប់ការស៊ុតបាល់បញ្ចូលទីបាន៩គ្រាប់ក្នុងការប្រកួតបាល់ទាត់ពិភពលោក។ គាត់បានស៊ុតបាល់បញ្ចូលទី២០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤៨លើកសម្រាប់ក្រុមជម្រើសជាតិអុីតាលី និងត្រូវបានបោះឆ្នោតជាកីឡាករបាល់ទាត់ឆ្នើមប្រចាំទ្វីបអឺរ៉ុបនៅឆ្នាំ១៩៨២ ។

សូមបញ្ជាក់ថា កើតនៅតំបន់ Prato ក្នុងទីក្រុង Tuscany លោក Rossi បានបង្ហាញខ្លួនជាលើកដំបូងនៅក្លិប Juventus ក្នុងឆ្នាំ១៩៧៣ ហើយក៏ធ្លាប់លេងឱ្យក្លិប Vicenza, Perugia និង AC Milan មុនពេលបញ្ចប់អាជីពនៅឆ្នាំ ១៩៨៧ នៅក្លិប Verona ។ ជាមួយក្រុម Juventus គាត់បានឈ្នះពានរង្វាន់ Serie A ចំនួន២, Coppa Italia, the European Cup Winners’ Cup និង European Cup ។ បន្ទាប់ពីបញ្ចប់អាជីពជាកីឡាករបាល់ទាត់លោកបានធ្វើការក្នុង TV Pundit ៕ដោយ៖ភារៈ


ចែករំលែក៖