ព័ត៌មានទាន់ហេតុការណ៍៖

ស៊ី​រី ​កិច្ចចរចា​រដ្ឋធម្មនុញ្ញដែលគ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​២៥មករា​ខាងមុខនេះ​ ក្រោម​ការខ្វែងគំនិត​គ្នា​ និង​មានភាព​តានតឹង​

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីផ្តោតលើគោលការណ៍ជាមូលដ្ឋានដែលត្រូវរួមបញ្ចូលក្នុងរដ្ឋធម្មនុញ្ញថ្មីគ្រោងនឹងធ្វើនៅថ្ងៃទី២៥ ខែមករាឆ្នាំ២០២១ខាងមុខនេះក្រុមប្រឆាំងដែលកំពុងបះបោរនៅក្នុងប្រទេសស៊ីរីបានយល់ព្រមថារបៀបវារៈនៃកិច្ចប្រជុំបន្ទាប់របស់ពួកគេ។

បើតាមមន្រ្តីបេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសស៊ីរីលោក Geir Pedersen បានទទួលស្គាល់ថា វាមិនមានការវិវត្តច្រើននោះទេ ប៉ុន្តែវាអាចបើកទ្វារឱ្យកាន់តែធំជាងមុនដើម្បីឈានទៅដល់កិច្ចព្រមព្រៀងកាន់តែទូលំទូលាយមួយ

ជាមួយគ្នានេះលោក​Geir Pedersen ទទួលស្គាល់រួចហើយថា ការពិភាក្សារវាងគណៈប្រតិភូរដ្ឋាភិបាល និងក្រុមប្រឆាំងបានបង្ហាញពីភាពខុសគ្នាជាច្រើនក្នុងគោលជំហររបស់ពួកគេ និងតាមរយៈភាពតានតឹងក្នុងកិច្ចពិភាក្សានោះ លោក​ Pedersen បានបន្ថែមថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ បន្ទាប់ពីមានជម្លោះដ៏ប្រល័យអស់រយៈពេល១០ឆ្នាំមកហើយនោះប៉ុន្តែលោកបានកត់សម្គាល់ថា គណៈប្រតិភូស៊ីរីបានស្តាប់ដោយការគោរពគ្នាទៅវិញទៅមកនិងអាចស្វែងរកចំណុចរួមបានលើផ្នែកមួយចំនួន

ក្នុងន័យដើមលោក Geir Pedersen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «​មានគោលជំហរមួយចំនួនដែលយើងសង្ឃឹមថានៅពេលយើងជួបប្រជុំគ្នាម្តងទៀត ពួកគេអាចយល់ស្របនិងអាចបង្កើតអ្វីមួយដែលមានសារៈសំខាន់នៅពេលយើងចាប់ផ្តើមព្រាងសំណើច្បាប់សម្រាប់កំណែទម្រង់រដ្ឋធម្មនុញ្ញដែលយើងសង្ឃឹមថានឹងមិនយូរនោះទេ​»​

ជាក់ស្តែងការចរចានេះមានគោលបំណងតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយដែលនឹងធ្វើជាមូលដ្ឋានសម្រាប់ការបោះឆ្នោតដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ីរី លោក Pedersen និយាយថាគណៈកម្មាធិការធម្មនុញ្ញត្រូវវិវត្តទៅមុខឱ្យបានលឿនជាងនេះក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ ដើម្បីបុព្វហេតុពលរដ្ឋស៊ីរីរាប់លាននាក់ ដែលកំពុងតែរងគ្រោះពីសង្គ្រាមដ៏យូរអង្វែងមួយនេះ

ក្នុងសម្ដីដើមរបស់លោក Pedersen បានបន្តទៀតថា «​អ្វីដែលសំខាន់ដែរនោះគឺថា យើងមើលឃើញការវិវត្តនៅក្នុងប្រទេស យើងមានការវិវត្តនៅក្នុងសហគមន៍អន្តរជាតិ យើងលើកទឹកចិត្តជាពិសេសឱ្យរដ្ឋបាលសហរដ្ឋអាមេរិកថ្មីនិងរុស្ស៊ី ដើម្បីជួបពិភាក្សាគ្នាស្វែងរកថាតើអាចមានវិធានការជាជំហានៗដែលអាចជួយគ្នាទៅវិញទៅមកដែរឬទេ​»​

លើសពីនេះទៅទៀតបេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានសង្កត់ធ្ងន់ថា៖ ការធ្វើបែបនេះអាចនឹងជួយកសាងទំនុកចិត្តដែលចាំបាច់ដើម្បីវិវត្តទៅមុខលើដំណើរការនយោបាយដែលជាប់គាំងនេះ លោកនិយាយថា ស្ថានការណ៍នេះនឹងជួយផ្លាស់ប្តូរជីវិតរបស់ប្រជាជនស៊ីរីឱ្យមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីសង្គ្រាមមួយទសវត្សរ៍នៅក្នុងប្រទេសស៊ីរីបានសម្លាប់មនុស្សប្រមាណ៤០០.០០០នាក់និងបណ្តាលឱ្យមនុស្សជិត១២លាននាក់ធ្វើចំណាកស្រុកទាំងនៅក្នុងប្រទេស និងក្រៅប្រទេសក្នុងនាមជាជនភៀសខ្លួន៕ដោយ៖ស តារា

រូបភាពឯកសារ៖ ក្នុងឆ្នាំ២០១៩


ចែករំលែក៖