អន្តរជាតិ៖ យ៉ាងដែរចំពោះនិស្សិតកូរ៉េខាងត្បូងម្នាក់ ផ្នែករចនាគ្រឿងសង្ហារឹមខណៈដែលរូបគេធុញទ្រាន់នឹងសំរាមរប៉ាត់រប៉ាយក្នុងសម័យកូវីដ-១៩ ហើយវាជារឿងគ្រោះថ្នាក់ខ្លាំងណាស់ព្រោះម៉ាស់ទាំងនោះត្រូវបានគេប្រើរួចយកទៅបោះចោលច្រើនសន្ធឹក ស្រាប់តែនិស្សិតរូបនេះ បានបង្កើតដំណោះស្រាយល្អសម្រាប់បរិស្ថានមួយ តាមរយៈការយកពួកវាទៅច្នៃធ្វើកៅអីអង្គុយ។
និស្សិតកូរ៉េខាងត្បូងរូបនេះ ឈ្មោះ Kim Ha-neul អាយុ២៣ឆ្នាំ ផ្នែករចនាគ្រឿងសង្ហារឹម បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ប្លាស្ទិក គឺអាចកែច្នៃឡើងវិញបាន ដូច្នេះហេតុអ្វីយើងមិនកែច្នៃម៉ាស់ឡើងវិញ ដែលពួកវាក៏ផលិតឡើងដោយប្លាស្ទិកដែរនោះ»។ និស្សិត មុននឹងអះអាងថា ម៉ាស់ភាគច្រើនផលិតឡើងដោយសារធាតុបា្លស្ទិកម្យ៉ាងឈ្មោះថាPolyprophylene ។
និស្សិត Kim បានបញ្ជាក់ទៀតថា សម្រាប់ផលិតចេញកៅអីអង្គុយមួយត្រូវការម៉ាស់១៥០០សន្លឹក។ ដើម្បីផ្គត់ផ្គង់ផលិតកម្មនេះ និស្សិត Kim កាលពីខែមិថុនាកន្លងទៅ រូបគេបានដាក់ប្រអប់ប្រមែប្រមូលម៉ាស់មួយនៅសាលារៀនខ្លួន សកលវិទ្យាល័យសិល្បៈ និងរចនា Kaywon ក្នុងទីក្រុងUiwang ភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល ។ ហើយមកដល់ពេលនេះនិស្សិតរូបនេះ ប្រមូលបានម៉ាស់គេប្រើរួច ១ម៉ឺនសន្លឹក ហើយក៏ទទួលបានម៉ាស់ខ្វះគុណភាពជាង១តោនទៀតពីរោងចក្រផងដែរ។
ដូច្នេះនិស្សិតផ្នែករចនាគ្រឿងសង្ហារឹម បានគូសបញ្ជាក់ថា ម៉ាស់ដែលគេប្រើរួច អាចជាសម្បុកនៃវីរុស ប៉ុន្តែគាត់បានរក្សាពួកវាយ៉ាងហោច៤ថ្ងៃក្នុងស្ដុកខ្លួន ដើម្បីកាត់បន្ថយហានិភ័យឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្រោយដល់ថ្ងៃកំណត់ និស្សិត Kim ដោះខ្សែនិងជ័រខ្លះចេញ ហើយដុតរំលាយវានៅសីតុណ្ហភាព៣០០អង្សាសេ។
សូមជម្រាបថា ជាក់ស្តែងលទ្ធផលចេញមក គឺរូបគេទទួលបានកៅអីអង្គុយជើង៣ កម្ពស់ ៤៥សង់ទីម៉ែត្រ ដែលកែច្នៃឡើងវិញពីម៉ាស់គេប្រើរួចពណ៌ សផ្កាឈូក ខៀវ និងខ្មៅ ហើយនិស្សិត Kim ក៏បានដាក់បង្ហាញពួកវាសកលវិទ្យាល័យខ្លួនផងដែរ។
លើសពីនេះទៅទៀត និស្សិតវ័យម្នាក់រូបនេះ សង្ឃឹមផលិតគ្រឿងសង្ហារឹមផ្សេងទៀតពីម៉ាស់គេប្រើរួចនេះ ដូចជា៖ តុ ឬអំពូលភ្លើងជាដើមហើយរូបគេ ក៏ទទូចឲ្យរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនកែច្នៃម៉ាស់គេប្រៃរួចឡើងវិញផងដែរ។
គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងខែកញ្ញាកន្លងទៅ ក៏បានផលិតម៉ាស់ជាង១ពាន់លានសន្លឹកសម្រាប់ការប្រើប្រាស់ក្នុងស្រុកផងដែរ៕ដោយ៖ស តារា