ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទូកុងតឺន័របុករថយន្តកូរ៉េដឹកទំនិញពីក្រោយបណ្តាលឱ្យក្រឡាប់ឡើងសួនច្បារពុះចែកទ្រូងផ្លូវទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តដឹកទូកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុក រថយន្តកូរ៉េដឹកទំនិញមួយគ្រឿងពីក្រោយបណ្តាលឲ្យក្រឡាប់ដេកស្តូក ហើយរថយន្តបង្កហេតុបន្តបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទៅមុខលែងរួច តែសំណាងល្អដែរដែលមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ និង៥០នាទីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះ=ឈ្នះ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AG-4917 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតជាប្រភេទរថយន្ត ដឹកទូកុងតឺន័រពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2500បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាមកពីក្រោយក្នុងល្បឿនលឿនស្រាប់តែមកបុករថយន្តកូរ៉េពីក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើង ហើយរថយន្តកុងតឺន័រមិនទាន់អស់ល្បឿនក៏បន្តបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដកល់ទ្រូងជាប់ទៅមុខលែងរួច។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍រាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕ដោយ៖និន សុភ័ស្ត


ចែករំលែក៖