ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលសាលាខេត្តស្ទឹងត្រែង សូមគោរពជម្រាប​ជូនដំណឹងអំពីការធ្វេីតេស្តសំណាកវត្ថុវិភាគលេីកទី៣​ សម្រាប់​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍​ “សហគមន៍​ ២៨​ វិច្ឆិកា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលសាលាខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹង ស្តីពី ការធ្វើតេស្តលើកទី៣ សំណាកវត្ថុវិភាគជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៏ “សហគមន៍ ២៨ វិច្ឆិកា”។

ក្នុងនោះរដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានបញ្ជាក់យ៉ាងដូច្នេះថា៖យោង ផែនការសម្រាប់ការធ្វើតេស្តសំណាកវត្ថុវិភាគជំងឺកូវីដ -១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” របស់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្តស្ទឹងត្រែង។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត មានកិត្តិយស សូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានការពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ *សហគមន៍ ២៨ វិច្ឆិកា” ដែលបានធ្វើតេស្តសំណាកវត្ថុវិភាគលើកទី២ រួចហើយកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅគ្រប់អ្នកពាក់ព័ន្ធគឺមានលទ្ធផលអវិជ្ជមាន ផ្អែកតាមគោលការណ៍ និងផែនការបន្ទាប់ គឺ នឹងត្រូវធ្វើតេស្តសំណាកវត្ថុវិភាគលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ថ្ងៃស្អែកនេះ។

សេចក្តីដូចបានគោរពជម្រាបជូនដំណឹងខាងលើ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ខេត្ត សូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាមកធ្វើតេស្តសំណាក វត្ថុវិភាគលើកទី៣ ចាប់ពីវេលាម៉ោង ៨ និង៣០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅមណ្ឌលចត្តាឡីស័កខេត្ត ស្ថិតក្នុង បរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង អគារអន្តេវាសិកដ្ឋានគរុសិស្ស (ចូលតាមច្រកទ្វារ ខាងក្រោយជ្រុងខាងកើត)។

ក្នុងករណីចាំបាច់ សូមទំនាក់ទំនងក្រុមការងារតាមរយៈលេខទូរស័ព្ទ ០៨៨ ៨៧៧ ៨០០០ ឬ ០១៧ ៧៧៨ ០០០។ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាចូលរួមតាមការគោរពអញ្ជើញនេះ និងសូមទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅអំពីយើងខ្ញុំ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖