ព័ត៌មានទាន់ហេតុការណ៍៖

ព័ទ្ធចាប់ក្រុមញៀនល្បែងបញ្ជល់មាន់ភ្នាល់ដាក់លុយ ក្របួចបានតែវត្ថុតាង និងសម្ភារ រីឯមនុស្សរត់បាត់អស់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស បានសហការគ្នាចុះបង្រ្កាបករណីលេងល្បែងសុីសងមាន់ជល់ ដកហូតវត្ថុតាង និងសម្ភារៈ ដើម្បីយកទៅបន្តនីតិវិធី ខណៈក្រុមអ្នកញៀនល្បែងទាំងនេះដឹងខ្លួនទាន់រត់គេចបាត់អស់។

 ករណីបង្រ្កាបល្បែងសុីសងបញ្ជល់មាន់ខាងលើ ធ្វើឡើងនៅវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នៅ ត្រង់ចំណុចម៉ុងតាណាវ ស្ថិតនៅភូមិកោះ សង្កាត់លលកស ក្រុង.ខេត្តពោធិ៍សាត់ ។

 មន្រី្តនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលក្នុងការ

បង្រ្កាបសង្វៀនជល់មាន់នេះកម្លាំងបានដកហូតនូវវត្ថុតាង និងសម្ភារមួយចំនួនរួមមាន កម្ទេចសង្វៀនបញ្ជល់សត្វមាន់ចំនួន១ដុំ សត្វមាន់ជល់(គក)ចំនួន២ក្បាល និងម៉ូតូចំនួន ១៦គ្រឿង ចំណែកឯក្រុមអ្នកប្រព្រឹត្តនាំគ្នារត់គេចខ្លួន បាត់អស់។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងសង្វៀនបញ្ជល់មាន់ សត្វមាន់ និងសម្ភារ ដែលបានដកហូតយកទៅបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕ 

ដោយ៖បុឹម ពិន


ចែករំលែក៖