ព័ត៌មានទាន់ហេតុការណ៍៖

មិនព្រមរកស៊ី ធ្វើការងារទៀងត្រង់ទេ បែរបន្លំជាសង្ឃក្លែងក្លាយ ដើម្បីបិណ្ឌបាត្រយកលុយទិញថ្នាំញៀនជក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ចេះតែមានរឿងប្លែកៗ ដោយក្រុមមិនមានសីលធម៌ នឹងមិនប្រឹងប្រែងរកស៊ី ធ្វើការដោយអំពើត្រៀមត្រង់ទេ។ ជាក់ស្ដែងមានបុរសម្នាក់ ធ្វើជាសង្ឃក្លែងក្លាយ បន្លំដើរបិណ្ឌបាតបានលុយយកទៅទិញថ្នាំញៀនជក់ ត្រូវកម្លាំងអាវុធហត្ថ សហការជាមួយខាងមន្ទីរធម្មការ និងសាសនា ឃាត់ខ្លួនចាប់ផ្សឹក នឹងបន្តនីតិវិធីបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានបញ្ជាក់ថា, សង្ឃក្លែងក្លាយម្នាក់ដើរបិណ្ឌបាតបានលុយយកទៅទិញថ្នាំញៀនជក់ ដែលជាអំពើដ៏ខុសឆ្គងផ្នែកសាសនា នឹងអបាយមុខខុសច្បាប់ ក៏ត្រូវកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណចុះឃាត់ខ្លួន ហើយចាប់យកបានថ្នាំញៀនពណ៌លឿងចំនួន ២គ្រាប់ ទូរស័ព្ទដៃ ១គ្រឿង និងប្រាក់ចំនួន ៤០ម៉ឺនរៀល និងស្រោមសំបុត្រអញ្ជើញចូលរួមកសាងវត្តមួយចំនួនទៀតផង។

សមត្ថកិច្ចបានបន្តទៀតថា, ក្រោយឃាត់ខ្លួនកម្លាំងសមត្ថកិច្ចក៏បញ្ជូនមកមន្ទីរធម្មការ និងសាសនាខេត្តដើម្បីសួរនាំ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការក្រុងសិរីសោភ័ណ បានឲ្យដឹងថា ការដែលឃាត់ខ្លួនសង្ឃក្លែងក្លាយបាន ដោយសារតែបានព័ត៌មានពីប្រជាពលរដ្ឋបង្ហាញប្រាប់សង្ឃនោះមានឈ្មោះ យ៉ុក សុខទិ អាយុ១៩ឆ្នាំ រស់នៅភូមិស្រះខ្វៅ ឃុំបាក់ហុយ ស្រុកកំរៀង ខេត្តបាត់ដំបង។

លោកថា សង្ឃក្លែងក្លាយរូបនេះត្រូវបានប្រធានមន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បញ្ជូនមកធ្វើពិធីផ្សឹកនៅវត្តសមាធិផល បន្ទាប់មកកម្លាំងជំនាញបទល្មើសគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ហើយនៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ។
ប្រជាពលរដ្ឋគាំទ្រចំពោះ ចំណាត់ការរបស់សមត្ថកិច្ច ដែលបានបង្ក្រាបក្រុមជនខិលខូច ដែលសង្គមស្អប់ខ្ពើម ទាំងនេះបានទាន់ពេលវេលា៕

ដោយ៖ សិលា


ចែករំលែក៖