ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីដំណឹងដ៏រីករាយ គឺមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីនៅកម្ពុជាទេ មានតែករណីព្យាបាលជាសះស្បើយ អ្នកជំងឺចំនួន២នាក់។
ក្រសួងបញ្ជាក់ថា បើគិតទាំងថ្ងៃនេះ មានរយៈពេល៣ថ្ងៃជាប់គ្នាហើយ ដែលក្រសួងសុខាភិបាលប្រកាសមិនមានរកឃើញអ្នកឆ្លងកូវីដ-១៩ ក្នុងសហគមន៍ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ។ ដោយឡែកអ្នកជាសះស្បើយទាំងចំនួន០២នាក់រួមមាន៖
– ស្ត្រីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសចិន តាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យ ចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
– បុរសជនជាតិខ្មែរ-អាមេរិក អាយុ ៤៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពឆ្លាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់។
ដោយឡែកសម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» វិញ ក្រសួងបានបញ្ជាក់ថា វត្ថុសំណាកនៅសល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ចំនួន៥៩៤៨សំណាក និងវត្ថុសំណាកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ចំនួន៨១៤សំណាក សរុបចំនួន ៦៧៦២សំណាក ដែលនៅក្នុងចំនួននេះ មានចំនួន៣៤៣៨សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ គឺលទ្ធផអវិជ្ជមានទាំងអស់។ ដោយដែលមាននៅសល់វត្ថុសំណាកចំនួន ៣៣២៤សំណាកទៀត ត្រូវធ្វើវិភាគបន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។
សរុបអ្នកជំងឺកូវីដ-១៩ ដែលបានរកឃើញពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤០នាក់ (ស្រី១៩នាក់ និងប្រុស ២១នាក់)៕
ដោយ៖ សិលា