ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតប ចំពោះម្ចាស់គណនីហ្វេសបុក សូមមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារ ផេកហ្វេសបុក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានខ្លឹមសារថា «ឈ្លាតឱកាសនេះខ្ញុំសូមស្នើសុំ ស្នងការនគរបាលខេត្តកណ្តាល ដែលមានឯកឧត្តម ឈឿន សុចិត្ត និងបងប្អូនជាមន្ត្រីគ្រប់ជាន់ថ្នាក់ ជួយសម្រួលបញ្ហាការលែងល្បែងស៊ីសង(បៀរ) មិនមានការខ្លាចឆ្លងជម្ងឺឆ្លងCOVID19 ទាល់តែសោះ ហើយមើលទៅប្រជាពលរដ្ឋមួយចំនួនតូច ក៏មិនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចប្រមុខរាជរដ្ឋាភិបាលដែរ។ ខ្ញុំរស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រសិនបើខ្ញុំ ប្រើពាក្យពេចន៍មិនសមគួរ សូមអធ្យាស្រ័យផងចុះ» ។
ក្រោយពីបានទទួលព័ត៌មានខាងលើ ដោយបានការចង្អុលបង្ហាញពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងចុះស្រាវជ្រាវបង្រ្កាបទីតាំងខាងលើ ។
ជាលទ្ធផល ៖
ថ្ងៃអាទិត្យ ១៣រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ បានចុះស្រាវជ្រាវនិងបង្រ្កាបទីតាំងខាងលើដែលមានម្ចាស់ឈ្មោះ សាន វណ្ណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួមមាន ៖
១.ឈ្មោះ សាន វណ្ណា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កសិករ
មានទីភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាកណ្តាល ខេត្តកណ្តាល ។
២.ឈ្មោះ ប៉ែន សុខុម ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរ កសិករ
មានទីភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាកណ្តាល ខេត្តកណ្តាល ។
៣.ឈ្មោះ ធី សុភា ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ កសិករ
មានទីលំនៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
** វត្ថតាងចាប់យករួមមាន ៖ បៀរ ៥២សន្លឹក,ប្រាក់រៀល១៨,០០០រៀល និងកម្រាលភួយចំនួន០១ ។
ចំពោះស្រ្តីទាំង៣នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្ទាប់មកដោយសមត្ថកិច្ចពិនិត្យឃើញថា ល្បែងស៊ីសងបៀរនេះមានលក្ខណៈតូចតាច ហើយអ្នកលេងសុទ្ធតែជាស្រ្តីស្លូតត្រង់ សមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងកិច្ចសន្យា ជាលើកទី១ មិនឱ្យប្រព្រឹត្ត និងផ្តល់ទីតាំងលេងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ ហើយឱ្យពួកគាត់ត្រឡប់ទៅលំនៅដ្ឋានវិញ ។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ រួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានមានសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អ ។ សូមអរគុណ !!!
ដោយ៖ សិលា