ភ្នំពេញ, លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបញ្ជាក់ថា៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ! នាឱកាសដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្លា នៃឱកាសខួបចម្រើនជន្មាយុគម្រប់ ៦៦ ឆ្នាំ ឈានចូល ៦៧ ឆ្នាំ របស់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្ខារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដែរ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ យើងខ្ញុំទាំងអស់គ្នា មានសេចក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង និងសូមចូលរួមជូននូវសព្ទសាធុការពរជ័យ គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ។
ជាការពិតណាស់ ក្នុងតួនាទីជាប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមបើវិស័យមនុស្សធម៌ តាមរយៈការជួយដោះស្រាយទុក្ខលំបាករបស់ ជនរងគ្រោះ និងជនងាយរងគ្រោះ ដូចជា ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ជនអនាថា ជនមានពិការភាព និងអ្នកជំងឺអេដស៍ ជាពិសេសក្នុងឆ្នាំ២០២០ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានធ្វើសកម្មភាពសង្គមជាច្រើនក្នុងការ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការ ចុះជួបសំណេះសំណាលដោយផ្ទាល់មិនខ្លាចនឿយហត់ ដើម្បីផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារជំនន់ទឹកភ្លៀង ប្រកបដោយមនោសញ្ចេតនាអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត។
យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ៖ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហា ប្រសើរគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ឧត្តមភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមដឹកនាំស្ថាប័ន កាកបាទក្រហមកម្ពុជា ដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍ ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវភក្តីភាព ស្មោះស្ម័គ្រ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំទាំងអស់គ្នា ៕
ដោយ៖ សិលា