ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលបានមានព្រះរាជបន្ទូលថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ,! នៅក្នុងឱកាស ដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ខ្ញុំមានសេចក្តីរីករាយឥតឧបមា សូមចូលរួមអបអរសាទរជាមួយប្រជាជាតិ និងប្រជារាស្ត្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមសម្តែងនូវការកោតសរសើរ ដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគអស់ពីកម្លាំងកាយ-ចិត្ត និងធនធានផ្ទាល់ខ្លួន ចូលរួមក្នុងសកម្មភាព កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។
កិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានការកោតសរសើរ និងអំណរសាទរទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ តាមរយៈកាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើ ប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ក្នុងស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការ ជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗថែមទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្ត កម្ពុជា និងសូមបានប្រកបតែខឹងព្រះពុទ្ធពរ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និងស្រឡាញ់ដ៏ជ្រាលជ្រៅ បំផុត អំពីខ្ញុំ ៕
ដោយ៖សិលា