ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តរតនគិរី ដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោក ថុង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។ 

ជាលទ្ធផលមានពលរដ្ឋសរុបចំនួន៤៥គ្រួសារដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង(ប៉ះរបង តូប និងសំយាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ៤៤គ្រួសារសាទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ១ទីតាំង (សណ្ឋាគារទែរ៉ូ) បានជំទាស់មិនព្រមសហការជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើឱ្យអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ 

សូមបញ្ជាក់ថា ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ។

ក្នុងនាមអាជ្ញាធរថ្នាក់ដឹកនាំខេត្ត លោកអភិបាលខេត្ត ខិតខំប្រឹងប្រែង អភិវឌ្ឍន៍ ខេត្ត ឲ្យស្របតាមការអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។សូមអរគុណដល់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអភិវឌ្ឍខេត្ត កន្លងមក ៕ អរគុណ សន្តិភាព

ដោយ៖ សិលា


ចែករំលែក៖