ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
សារលិខិតនោះ មានខ្លឹមសារថា៖ « ខ្ញុំម្ចាស់មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជសារដ៏ឧត្តុង្គឧត្តម ប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំ អំពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ ក្នុងឱកាសទិវាខួបកំណើតរបស់ខ្ញុំម្ចាស់ តាមរយៈ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ខ្ញុំម្ចាស់ សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ ខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែបានលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាព កាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យជាបន្តបន្ទាប់ សម្រាប់ជាឧត្តមប្រយោជន៍ ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យ សិរីមង្គល បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីជាមហាម្លប់ដ៏ត្រជាក់ជាទីជ្រកកោនដល់ប្រជារាស្ត្រគ្រប់ៗរូបតរៀងទៅ។ »
ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ៖
ដោយ៖សិលា