ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅពីសេអ៊ូល ខេត្តនិងក្រុងធំៗរបស់កូរ៉េ កំពុងឈឺក្បាលនឹងកូវីដយ៉ាងសម្បើមដែរ បញ្ហាកង្វះគ្រែពេទ្យបន្តជាចំណុចក្តៅនៅសឹងគ្រប់ទីកន្លែង

ចែករំលែក៖

កូរ៉េខាងត្បូង៖ នៅព្រលប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានដកស្រង់ពីគេហទំព័រ(ខ្មែរនៅកូរ៉េNews) មកផ្សព្វផ្សាយលើ page ផ្លូវការថា, រដ្ឋបាលខេត្ត និងក្រុងទូទាំងប្រទេសកូរ៉េខាងត្បូងឥឡូវនេះកំពុងត្រៀមខ្លួនក្នុងភាពអាសន្នហាក់ដូចជាស្រុកកំពុងមានសង្គ្រាមរៀងៗខ្លួនហើយ ដើម្បីទប់ស្កាត់ការរាលដាលឆ្លងនៃជំងឺកូវីដ-១៩។ ហើយព័ត៌មានថ្ងៃនេះក៏យោងតាម ការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ឯកអគ្គរាជទូតបានបន្តថា, នៅថ្ងៃចន្ទនេះ រដ្ឋបាលខេត្ត និងក្រុងស្ទើរទូទាំងប្រទេសបានប្រមែប្រមូលកម្លាំងគ្រប់មធ្យោបាយដើម្បីរៀបចំត្រៀមគ្រែមន្ទីរពេទ្យដើម្បីទទួលអ្នកជំងឺកូវីដ-១៩ ខណៈដែលការធ្វើតេស្តបន្តកើនឡើង និងវិធានការគម្លាតសង្គមក៏កំពុងត្រូវបានពិចារណាតម្លើងជាបន្តបន្ទាប់ផងដែរ ក្រោយពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ បន្តឡើងជាបន្តបន្ទាប់យ៉ាងគំហុកនោះ។

នៅក្នុងខេត្តឃ្យ៉ុងគីដូ ដែលមានករណីកើនឡើងប្រចាំថ្ងៃច្រើនដល់ជាង២០០នាក់ដែរនោះថ្មីៗនេះ អជ្ញាធរបានផ្តោតលើការបង្កើនចំនួនគ្រែពេទ្យ និងទីតាំងសម្រាប់ព្យាបាលដើម្បីទទួលយកនូវចំនួនអ្នកជំងឺដែលកើនឡើងច្រើន។ បើតាមទិន្នន័យពីមន្ត្រី តាមបណ្តាខេត្តដែលនៅជុំវិញទីក្រុងសេអ៊ូល មន្ទីរពេទ្យផ្តល់គ្រែពេទ្យសឹងតែ ៩១.៤% ត្រូវបានចាត់ចែងឱ្យទៅអ្នកជំងឺកូវីដ-១៩ ខណៈចំនួនគ្រែពេទ្យដែលត្រូវរៀបត្រៀមសម្រាប់អ្នកឈឺកូវីដដែលមានអាការៈធ្ងន់ធ្ងរមានត្រឹមតែ១%ប៉ុណ្ណោះ ក្នុងចំណោមគ្រែដែលមានសរុបទាំងអស់។

សម្រាប់ខេត្តឃ្យ៉ុងគីនេះ អ្នកជំងឺកូវីដដែលតេស្តវិជ្ជមានហើយ មិនទាន់មានគ្រែពេទ្យដើម្បីអាចទៅព្យាបាលបាននោះបានកើនពី២៣នាក់ ឡើងដល់៣០៨នាក់ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញផងដែរ។ ដោយហេតុនេះហើយ រដ្ឋបាលខេត្តនេះកំពុងព្យាយាមស្វែងរកទីតាំងឯកជននានាដើម្បទទួលដាក់ព្យាបាលអ្នកជំងឺកូវីដដែលបន្តកើនឡើង ក្នុងនោះរួមមានទាំងទីតាំងថ្នាក់រៀនក្នុងសាកលវិទ្យាល័យផងដែរ។ បើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តនេះ បន្ទប់អន្តេរវាសិកដ្ឋានរបស់សាកលវិទ្យាល័យឃ្យ៉ុងគី (Kyonggi University) ដល់ទៅ១០០០បន្ទប់នៅតំបន់ស៊ូវ៉ុន នឹងត្រូវរៀបចំទៅជាទីតាំងសម្រាកព្យាបាលជំងឺបណ្តោះអាសន្ន ខណៈដែលទីតាំងសាកលវិទ្យាល័យមួយទៀត រួមនឹងសាលហាត់កីឡារបស់ខេត្តក៏នឹងត្រូវរៀបចំបម្លែងទៅជាកន្លែងទទួលអ្នកជំងឺដូចគ្នាដែរ។

ខេត្តហ្គាងវ៉ុន (Gangwon) ឯណោះវិញ ក៏កំពុងជួបបញ្ហារឿងកង្វះខាតគ្រែ និងទីតាំងសម្រាប់ទទួលអ្នកជំងឺនេះដែរ ក្រោយពីមានករណីឆ្លងថ្មីជាង៦០ករណីរៀងរាល់ថ្ងៃរយៈពេលដល់ទៅ៣ថ្ងៃជាប់គ្នាកន្លងមក។ រដ្ឋបាលខេត្តនេះកំពុងព្យាយាមសស្រាក់សស្រាំផងដែរ ដើម្បីត្រៀមក្នុងករណីដែលអ្នកជំងឺបន្តកើនឡើងតទៀត ដោយរៀបចំដាក់មន្ទីរពេទ្យរដ្ឋទាំងអស់នៅក្នុងខេត្តសម្រាប់ទទួលអ្នកជំងឺកូវីដ ខណៈអ្នកដែលឈឺទូទៅ នឹងត្រូវបញ្ជូនចេញទៅតាមមន្ទីរពេទ្យ​ឯកជនវិញ៕

ប្រភព៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ


ចែករំលែក៖