ខេត្តស្ទឹងត្រែង៖ បងប្អូនជនជាតិព្រៅនៅភូមិការតូត រៀបចំ កន្លែងគោរពប្រពៃណីវប្បធម៌របស់ជនជាតិ ដើម្បីឱ្យកូនចៅជំនាន់ក្រោយជួយអភិរក្សនិងបាននាំគ្នាប្រតិបត្តិតាមតទៅអនាគត។
ក្នុងពិធីរៀបចំទីតាំងសំរាប់គោរពប្រពៃណីវប្បធម៌ជន ជាតិភាគតិចព្រៅ នៅភូមិការតូត ស្រុកសេសាន ខេត្តស្ទឹងត្រែងនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ លោកតាញូង ងន ចាស់ទុំជនជាតិព្រៅនៅភូមិការតូត បានបញ្ជាក់ថា៖ តាមការនិយាយតៗគ្នា នៅលើកំ ពូលភ្នំនេះ ជាទីកន្លែង(នាងតែង)រស់នៅកាលពីមុនសម័យខ្មែរអង្គរ និងមានមេកន្ទ្រាញជនជាតិ ធ្វើចម្បាំងគ្នានៅលើទីទួលកំពូលភ្នំនេះ។
លោកបន្តថា៖ក្រោយពីធ្វើចម្បាំងចប់ ភាគីខាងចាញ់បានប្រគល់គងឱ្យចំនួន៥ (តែក្នុងសម័យនោះបានទទួលតែ៤)នៅខ្វះ១រហូតដល់សព្វថ្ងៃនេះ ហើយនៅលើកំពូលភ្នំនេះជាកន្លែងកប់សព(នាងតែង)ជនជាតិព្រៅ ទើបបងប្អូជនជាតិនាំគ្នាមកធ្វើពិធីសែនព្រេនដល់នាងតែង នៅលើកំពូលភ្នំនេះជារៀងរហូតមក ហើយចំណែក(នាងណយនៅចំណុចវាលរំពេរ)។
លោកខានវីនមេភូមិការតូតបានបញ្ជាក់ថា៖ បងប្អូនជនជាតិ បន្តគោរពប្រពៃណី ជារៀងរាល់ឆ្នាំដូចជាពិធីសែន ឡើងអ្នកតាភ្នំ សុំសេចក្តីសុខចម្រើន – សែនស្រូវឡើងជង្រុកផ្សងកុំឱ្យមាន ជាប់ជំពាក់បំណុលជាដើម។
លោកបន្តថា នៅទីទួលភ្នំនាងតែងនេះ បងប្អូនជនជាតិនឹងសាងសង់ឱ្យមានទីកន្លែងគោរពបូជា និងសាងសង់ផ្ទះ( កូនកម្លោះ កូនក្រមុំ )ជនជាតិទៅតាមសំណូមពរប្រជាសហគមន៍ដែលចង់បាន ស្របពេលដែលលោកអភិបាលស្រុកកំពុងជួយគាំទ្រផងនោះ។
លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេ សាន បានចាត់ទុកថា៖ បងប្អូនមានគំនិតចេះស្រឡាញ់ វប្បធម៌ សម្បត្តិ ធនធានធម្មជាតិ ជាប្រការល្អដើម្បីយើងរួមគ្នារៀបចំជាទី អារាម មួយនៅចំណុចលើខ្នងភ្នំការតូតនេះ ឱ្យបានឆាប់ៗ និង យកថ្មកើតចេញពីឈើធម្មជាតិមកតុបតែង នៅលើទីលានសាធារណ: សម្រាប់បំរើឱ្យវិស័យ ទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា៖ នៅទីទួលកំពូលភ្នំនាងតែងនេះ គណ:កម្មការភូមិ មានគម្រោងរៀបចំបង្កើតជា កន្លែង (វត្តគិរីរាមការតូត) នៅទីនោះ ជាយូរមកហើយ ដើម្បីការពារសម្បត្តិធម្មជាតិ បានផង តែគោលបំណង នេះ ប្រជាពលរដ្ឋនៅខ្វះធន ធានមិនអាចធ្វើទៅបាន ហើយពេលនេះបានអាជ្ញាធរស្រុកគាំទ្រ ពួកគាត់ប្រឹងប្រែងរួមគ្នារៀបចំឱ្យបាននៅឆ្នាំ២០២១ខាងមុខនេះ៕
ប្រភព៖ក្រសួងព័ត៌មាន