ភ្នំពេញ៖ សារលិខិតជូនពរ ក្រសួងបរិស្ថាន គោរជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់! យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមសម្តែងនូវ សេចក្តីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសប្រារព្ធខួបកំណើត ជន្មាយុគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ នាពេល ខាងមុខនេះ សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាស ដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំបាទសូមសម្តែងនូវការគោរពកោតសរសើរ និងអំណរសាទរ ចំពោះ សមិទ្ធផលដ៏ធំធេង ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត បញ្ញា និង ស្មារតីក្នុងការពុះពាររាល់ឧបសគ្គ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការងារមនុស្សធម៌ ការលើកកម្ពស់សីលធម៌សង្គម ការលើកកម្ពស់តម្លៃស្ត្រី និងកុមារ ការកសាងសុភមង្គលនៃគ្រួសារខ្មែរ ដើម្បី ចូលរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា។ ជាថ្មីម្តងទៀត ខ្ញុំបាទសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតារក្សាទឹកដីព្រះរាជាណាចក្រកម្ពុជាគុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាអភិបាល ប្រោះព្រំសព្ទសាធុការពរជ័យចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ ខ្ពង់ខ្ពស់ និងភក្តីភាពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ៖ សិលា