ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រសរសើរ និងពេញចិត្តជាខ្លាំងក្រោយពីព្រះនាងតូច នរោត្តម ជេនណា បានបង្ហើរព្រះសូរសៀងយ៉ាងពិរោះរណ្តំចិត្ត ក្នុងបទចម្រៀងថ្មីក្រោមចំណងជើងថា”វីរនារីក្នុងបេះដូងខ្មែរ” ដែលបទចម្រៀងនេះមានអត្ថន័យស៊ីជម្រៅចាក់ចំបេះដូងនិងដើម្បីចូលរួមអបអររំលឹកថ្ងៃកំណើតគម្រប់៦៦ឈានចូល៦៧ឆ្នាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រានកាកបាតក្រហមកម្ពុជា។
មិនត្រឹមតែពិរោះរណ្តំចិត្តបទចម្រៀងនេះប្រកបទៅដោយអត្ថន័យខ្លឹមសារស៊ីជម្រៅ និងបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរស វីរភាពដ៏ថ្លៃថ្លា និងការលះបង់ដ៏ធំធេញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងបុព្វហេតុជាតិគ្រប់ពេលវេលា និងទីកន្លែង។
ប្រធានក្រុមព្រះសុរិយា លោក យាង វណ្ឌី បានបញ្ជាក់ថា បទចម្រៀងខាងលើគឺជាការសហការផលិតរវាងក្រុមព្រះសុរិយា និងក្រុមការងារព្រះនាងតូចនរោត្តម ជេនណាដើម្បីរំលឹកថ្ងៃកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឱកាសនៃពិធីរំលឹកថ្ងៃកំណើត គម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ។ ក្នុងឱកាសនេះដែរលោកក៏សូមបួងសួងដល់វត្ថុស័កិ្កសិទ្ធក្នុងដែនព្រះរាជាណាចក្រកម្ពុជាសូមព្រះមេត្តាប្រោះព្រំពរជ័យ សិរីមង្គលវិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនិងសម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារសូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លោករំពឹងដែរថាបទចម្រៀងនេះនឹងក្លាយជាទីពេញចិត្តសម្រាប់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន ៕
ដោយ៖ វឌ្ឍនា