ភ្នំពេញ៖ សូមធ្វើការរំឮកដល់សមត្ថកិច្ចផង ក្រែងគាត់ភ្លេច, ! រហូតមកទល់ពេលនេះ មានរយៈពេល១សប្តាហ៍មកហើយ ខណ: សមត្ថកិច្ចមិនទាន់ ឃាត់ខ្លួនប៉ូលិសស័ក្តិ៤ កេត ផារ៉ែន បាននៅឡើយទេ ទោះស្គាល់អត្តសញ្ញាណច្បាស់លាស់ គឺលោក កេត ផារ៉ែន ត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នោះក៏ដោយ ចំពោះគាត់ប្រព្រឹត្តិបទល្មើសករណីបាញ់បុរសម្នាក់បណ្តាលអោយរងរបួសជើងស្តាំ ។
មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា សមត្ថកិច្ចនឹងឃាត់ខ្លួនប៉ូលិសស័ក្តិ៤ កេត ផារ៉ែន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ អោយបានឆាប់ៗ ។
សូមបញ្ជាក់ថា បទល្មើសបាញ់ បង្កឡើងដោយលោកស័ក្តិ៤ វ័យក្មេងខាងលើ បាន កើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រំប្រទល់ សង្កាត់ដង្កោ ខណ្ឌដង្កោ ។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនរងគ្រោះឈ្មោះ ប៊ុន ស៊ីម អាយុ៣៩ឆ្នាំ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា មុនពេលកើតហេតុ គាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីញាំអីនៅម្ដុំបឹងត្របែក រួចបានជូនមិត្តភក្តិមកផ្ទះនៅកន្លែងកើតហេតុ ។
ខណៈមកដល់មុខផ្ទះមួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នាតែមិនសូវជិតស្និត បានចុះពីលើរថយន្តមិនចាំម៉ាក ហើយដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់ រួចក៏ដើរទៅជិះរថយន្តរបស់ខ្លួនវិញនៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
ក្រោយមក ជនដៃដល់ បានបើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកលើជនរងគ្រោះដែលនៅផ្លូវម្ខាងទៀត ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និង មួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេចខ្ទី រួចហើយក៏បើករថយន្តគេចខ្លួនបាត់ ។ ចំណែកជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យនិងលាងរបួសភ្លាមៗផងដែរ ។
ជនរងគ្រោះ បន្តថា មួយសន្ទុះក្រោយមក ខ្លួនបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មានជាច្រើនចុះមកផ្ដិតយករូបភាព និង Live ទើបដឹងឮដល់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលដង្កោ ចុះមកដល់កន្លែងកើតហេតុ ។
ប៉ុន្តែអ្វីជាការកត់សម្គាល់ នោះ គឺ សមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី២ និង សមត្ថកិច្ចប៉ុស្តិ៍ដង្កោ បានរុញដាក់គ្នា ព្រោះកន្លែងកើតហេតុ មិនច្បាស់លាស់ ទើបជនរងគ្រោះសម្រេចចិត្តទុកសម្បក កន្ទុះ ដែលរកឃើញមួយគ្រាប់ រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែម្តង។
មន្ត្រីនិងសមត្ថកិច្ចខ្លះបានលើកឡើងថា , នីតិវិធីក្នុងការស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យជានាយនគរបាលខាងលើ ហាក់ដូចជាមិនលំបាកទេ ខណៈមានអត្តសញ្ញាណច្បាស់លាស់ មានតួនាទីកន្លែងធ្វើការ ដូច្នេះទាំងអង្គភាព និងសមត្ថកិច្ចអាវសហការ ដើម្បីនាំខ្លួនបុគ្គលរូបនេះ ឲ្យសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងតាមវិធីទៅសាលាដំបូង ដើម្បើជៀសផុតពីការតិតៀន ដោយមជ្ឈដ្ឋានប្រជាពលរដ្ឋ ៕
ដោយ៖ សិលា