ភ្នំពេញ៖ ម៉ាស់ដែលរាជរដ្ឋាភិបាលផ្ដល់ឱ្យរដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់នោះ គិតមកដល់ពេលនេះអាជ្ញាធរបានចាត់ចែងជូនទៅថ្នាក់មូលដ្ឋានចែកជូនប្រជាពលរដ្ឋទូទៅ កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមអស់ប្រមាណ២ លានម៉ាស់ហើយ ។ ចំនួនដែលនៅសេសសល់អាជ្ញាធរនឹងបន្តសកម្មភាពចែកបន្ថែមទៀត។
បើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី នៅថ្ងៃទី១៧ ធ្នូឆ្នាំ២០២០នេះថា៖ អាជ្ញាធរបាននិងកំពុងចាត់ចែងផ្ដល់ម៉ាស់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ បើគិតមកដល់ពេលនេះម៉ាស់ប្រមាណ២លានហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់ឱ្យទៅអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ កងកម្លាំងប្រដាប់អាវុធ ផ្សាររដ្ឋចំនួន២៥ផ្សារ ប្រជាសហគមន៍និងប្រជាពលរដ្ឋទូទៅ រួមទាំងអ្នកធ្វើដំណើរផងដែរ។
លោកបានបន្ថែមថា សម្រាប់ម៉ាស់ដែលនៅសល់ប្រមាណ១លានម៉ាស់នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តផ្ដល់ទៅខណ្ឌទាំង១៤ និងកងកម្លាំងបន្ថែមទៀត ដើម្បីយកទៅចែកជូនដល់ពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាតាមសហគមន៍ និងអ្នកដំណើរបន្តទៀតដូចដែលបានធ្វើសកម្មភាពចែកកន្លងមកនោះ។
ខណៈព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅមិនទាន់បិទបញ្ចប់នេះដែរ អ្វីដែលអាជ្ញាធរត្រូវបន្តធ្វើ និងបន្ថែមកិច្ចការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បើតាមលោកម៉េត មាសភក្ដី បានបញ្ជាក់ថា អាជ្ញាធរ និងខាងសុខាភិបាលនៅតែធ្វើការរួមគ្នាបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍នេះអស់អ្នកពាក់ព័ន្ធហើយ។ មួយទៀតអាជ្ញាធរបានបន្តកិច្ចការហ៊ុមព័ទ្ធទីតាំងដែលផ្ទុះជំងឺ-១៩នេះ និងការពារបរិវេណទាំងនោះ ហើយការងារមួយទៀត គឺអាជ្ញាធរបន្តចុះតាមដានស្រាវជ្រាវ និងអប់រំផ្សព្វផ្សាយតាមហាង អាហារដ្ឋាន នានា និងទីតាំងអាជីវកម្មជាដើម ឱ្យបន្តអនុវត្តតាមវិធានសុខាភិបាល និងការជូនដំណឹងនានារបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើមិនអនុវត្តតាមទេ អាជ្ញាធរនឹងផ្អាកអាជីវកម្មទាំងនោះ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ឥឡូវនេះអាជ្ញាធរ និងក្រសួងសុខាភិបាលក៏កំពុងបន្តរួមគ្នាលើកិច្ចការកសាងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ អគារធ្វើចត្តាឡីស័ក និងទីតាំងយកសំណាកជាដើម ដើម្បីឆ្លើយតបគ្រប់សភាពការណ៍ចាំបាច់ណាមួយ ប៉ុន្តែកិច្ចការបន្តទប់ស្កាត់មិនឱ្យរីករាលដាលជាមុខព្រួញចម្បងដដែល។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញកន្លងមកនេះ បានទទួលម៉ាស់ចំនួន៣លានម៉ាស់ពីរាជរដ្ឋាភិបាល ដើម្បីយកមកចែកជូនប្រជាពលរដ្ឋក្នុងការទប់ស្កាត់មិនឱ្យមានការរីករាលដាលជំងឺកូវីដ-១៩ តាមសហគមន៍ ដែលម៉ាស់ទាំង៣លាននោះ មានម៉ាស់ក្រណាត់ចំនួន២លានជាម៉ាស់ដែលអាចបោកគក់បាន ហើយអាចប្រើបានរយៈពេលពី២ទៅ៣ខែ ប្រសិនបើអ្នកប្រើប្រាស់ចេះថែទាំ និងម៉ាស់១លានទៀតជាប្រភេទម៉ាស់ពេទ្យ៕ ដោយ៖សំរិត