ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រជុំដាក់ផែនការត្រៀមអបអរសាទរខួបលើកទី២២នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រជុំដាក់ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ដេីម្បី​ត្រៀមក្នុងពិធីជិះកង់ពីចំណុចx១៦ ឆ្ពោះទៅវិមានឈ្នះ=ឈ្នះ ដើម្បីអបអរសាទរខួបលើកទី២២នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ត ប្រកបដោយជោគជ័យនយោបាយឈ្នះ= ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០។

ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នោះ លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំបានលេីកឡេីងថា​ កងកម្លាំងត្រូវត្រៀមជានិច្ចដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារដាច់ខាតមិនឱ្យជនណាម្នាក់មកបំផ្លាញសន្តិភាព​បានឡេីយ​ ។ 

ក្នុងន័យនេះ យុវជន ត្រូវរួមគ្នាពូនជ្រំជ្រោងទង់សន្តិភាពការពារឱ្យបានរឹងមាំនូវមនុញ្ញផល និងកេរដំណែលដ៏មហាសាលនៃសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេសេជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត។ ពីព្រោះថា យុវជនគឺជាកម្លាំងចលករប្រកបដោយសក្តានុពលខ្ពស់របស់ប្រទេសជាតិ ដែលមានកាតព្វកិច្ចធ្វើជារបងការពារជាតិដ៏រឹងមាំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដើម្បីធានាបាននូវអាទិភាពរបស់ជាតិ ឱ្យនៅគង់វង្ស និងលើកកម្ពស់កិត្យានុភាពរបស់ជាតិ ក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ 

លោកមេបញ្ជាការបន្តថា​ យុវជនគឺជាកម្លាំងស្នូលរបស់ជាតិ ជាក្តីសង្ឃឹមរបស់ជាតិ ដែលមានតួនាទីនិងកាតព្វកិច្ចមកជំនួសគ្រប់កិច្ចការទាំងអស់របស់ប្រទេសជាតិ ដែលបាននិងកំពុងធ្វើនៅពេលបច្ចុប្បន្ន ដូចជាការពារជាតិ ការអភិវឌ្ឍជាតិ ការដឹកនាំគ្រប់គ្រង កិច្ចការនយោបាយ សេដ្ឋកិច្ច ការទូត បច្ចេកទេសវិទ្យាសាស្ត្រ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការដទៃជាច្រើនទៀត។ ជោគវាសនាអនាគតប្រទេសជាតិនីមួយៗ ពិតជាពឹងផ្អែកទៅលើយុវជនជំនាន់ក្រោយ។ យុវជនគឺជាកត្តាស្លាប់រស់របស់ប្រទេសជាតិ។

ទន្ទឹមនឹងនោះ​ លោកក៏បានស្នេីសុំឱ្យអ្នកបេីកបរបញ្ជាយានយន្តគ្រប់ប្រភេទ មេត្តាបើកបរក្នុងកម្រិតល្បឿនតាមស្លាកសញ្ញាកំណត់ឬតាមស្ថានភាពផ្លូវថ្នល់រួមតូចចង្អៀត និងបើកបរគ្មានជាតិស្រវឹង​ និង​ យោគយល់គ្នា​  ៕​ដោយ​៖​ វណ្ណៈ


ចែករំលែក៖